រថយន្តស្ទូចអីវ៉ាន់ខ្វះបច្ចេកទេស បណ្តាលឲ្យបាក់ដងស្ទូចសង្កត់លើកខ្សែភ្លើង ទ្រេតបង្គោលភ្លើង២ដើម
ភ្នំពេញៈ បង្គោលភ្លើង២ដើមបានបាក់ត្រឹមគល់នឹងខ្សែភ្លើង បានដាច់ធ្លាក់រាយប៉ាយ បន្ទាប់ពីរថយន្តស្ទូចអីវ៉ាន់មួយគ្រឿង បានស្ទូចសម្ភារលើកចំណុះបណ្តាលឲ្យបាក់ដងស្ទូចសង្កត់ កាលពីវេលាម៉ោង៨នឹង៤០ នាទី ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយហេតុការណ៍នេះស្ថិតនៅក្នុងការដ្ឋានជួសជុលស្ថានីយ៍តូតាល់ ផ្លូវ៣១០ កែងមហាវិថី ព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។
បើតាមសម្តីកម្មករដែលបម្រើការនៅក្នុងការដ្ឋាន ខាងលើបានឲ្យដឹងថា មុនកើតហេតុរថយន្តស្ទូចមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-4137 បានមកស្ទូចអីវ៉ាន់ចេញពីក្នុងការដ្ឋាន ប៉ុន្តែដោយសារស្ទូចអីវ៉ាន់លើសចំណុះក៏បណ្តាលឲ្យបាក់ដងស្ទូចសង្កត់លើខ្សែភ្លើងដាច់រាយប៉ាយ នឹងធ្វើឲ្យបង្គោលភ្លើងចំនួន២ដើមទ្រេត ហើយបុរសជាកម្មករម្នាក់បានរងរបួសស្រាល ។
ក្រោយមានករណីនេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកងទី១ បានចុះមកដល់ទីតាំងកើតហេតុ សហការជាមួយសមត្ថកិច្ចជំនាញ ចុះមកពិនិត្យជាក់ស្តែងឃើញថា ប៉ះពាល់ដល់សម្បត្តិសាធារណៈ ទើបសម្រេចអូស យករថយន្តស្ទូចនោះទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះតាមផ្លូវច្បាប់៕