សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ អគារឥន្ទ្រទេវី របស់រាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធ អគារឥន្ទ្រទេវី របស់រាជបណ្ឌិត្យសភាកម្ពុជា។
អគារនេះមានកម្ពស់បីជាន់ ស្មើនឹង ១៨ម៉ែត្រ មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង ១៧ម៉ែត្រ។ អគារឥន្ទ្រទេវី ជាសមិទ្ធផលថ្មីមួយ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំ ដោយធនធានបញ្ញា សម្រាប់បម្រើការងារ ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។ អគារនេះ ជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) លើគ្រប់មុខជំនាញ, ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និង ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត តាមរយៈការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ សម្រាប់បញ្ញវន្ត ធ្វើការវិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗ និងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្ត សង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបង្ហាញស្នាដៃរបស់ខ្លួន សម្រាប់ការរួមចំណែក ក្នុងការអភិវឌ្ឍ សង្គមជាតិ៕