អភិបាលរាជធានីស្នើរសុំអោយឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានាំអ្នកវិនិយោគទុនជប៉ុនមកវិនិយោគនៅកម្ពុជាបន្ថែមទៀត
ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញលោកឃួងស្រេងបានស្នើរសុំអោយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានាំអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជាបន្ថែមទៀតដើម្បីជម្រុញអោយប្រទេសកមម្ពុជាក៏ដូចជារាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើនមួយកម្រិតថែមទៀត។
ការស្នើរសុំបែបនេះរបស់លោកអភិបាលរាជធានីភ្នំពេញបានធ្វើឡើងកាលពីរសៀលថ្ងៃពុធ០៩រោចខែកត្ដិកឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២០ខែវិចិ្ឆកាឆ្នាំ២០១៩នេះក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោកមិកាមិម៉ាស្សាហិរូ( H.E. Mr. MIKAMI Masahiro ) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានៅសាលារាជធានីភ្នំពេញ។
លោកឃួងស្រេងបានមានប្រសាសន៍ថារាជធានីភ្នំពេញបានកើតចេញពីទីក្រុងដែលមិនមានមនុស្សរស់នៅសោះរហូតបានក្លាយជាទីក្រុងមួយមានការអភិវឌ្ឍរីកចំរើនក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនសព្វថ្ងៃនេះហើយការអភិវឌ្ឍរីកចំរើននេះក៏មានការចូលរួមជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីប្រទេសជប៉ុនផងដែរពិសេសអង្គកាចៃកាដែលបានជួយយ៉ាងច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងទឹកស្អាតជាដើមហើយនៅពេលដ៏ខ្លីខាងមុខនេះតាមរយៈកំចីពីធានាគារADB ជប៉ុននិងកសាងស្ថានីយទឹកស្អាតដ៏ធំមួយនៅខាងជើងរាជធានីភ្នំពេញ។
លោកឃួងស្រេងបានបន្តទៀតថាទន្ទឹមនឹងការរីកចំរើននេះភ្នំពេញក៏បានលេចចេញជាបញ្ហាប្រឈមជាច្រើនផងដែរដូចជាបញ្ហាកកស្ទះចរាចរណ៍ដែលបញ្ហានេះជប៉ុនក៏បានជួយយ៉ាងច្រើនផងដែរមានទាំងការជួយលើការសិក្សាលើបញ្ហាលំហូរចរាចរណ៍ការផ្តល់នូវរថយន្តក្រុងនិងការផ្តល់ជាបង្គោលភ្លើងស្តុបថ្មីចំនួន១០០ដើម្បីតម្លើងក្នុងរាជធានីភ្នំពេញ។បញ្ហាការកកស្ទះសំរាមនិងបញ្ហាស្ទះលូជាដើមប៉ុន្តែបញ្ហានេះយើងបានធ្វើការដោះស្រាយជាបណ្តើរៗហើយហើយជប៉ុនក៏បានជួយផងដែរដោយមកដល់ពេលនេះជប៉ុនតាមរយៈអង្កការចៃកាបាននឹងកំពុងអនុវត្តគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤។
លោកឃួងស្រេងបានបញ្ជាក់ថាចំពោះបញ្ហាសំរាមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែននៅក្នុងឆ្នាំ២០២០ខាងមុខនេះនឹងមានក្រុមហ៊ុនជាច្រើនចូលរួមដេញថ្លៃលើសេវាប្រមូលសំរាមនេះហើយយើងនឹងជ្រើសរើសក្រុមហ៊ុនយ៉ាងតិច៣ក្រុមហ៊ុនដើម្បីប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមនេះ។លោកជឿងជាក់ថានៅពេលមានការប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមបែបនេះនោះនឹងធ្វើអោយការគ្រប់គ្រងនិងការប្រមូលសំរាមនឹងកាន់តែល្អប្រសើរជាងមុន។
លោកមិកាមិម៉ាស្សាហិរូបានមានប្រសាសន៍លើកឡើងដែរថាគោលបំណងនៃជំនួបពិភាក្សាជួបសម្តែងការគួរសមនាពេលនេះគឺដើម្បីែស្វងយល់អំពីការគ្រប់គ្រងសំណល់នៅក្នុងរាជធានីភ្នំពេញការទាញយកថាមពលពីសំណល់(Waste Energy) និងពិភាក្សាលើបញ្ហាលំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរលោកឯកអគ្គរដ្ឋទូតក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ខ្លួនបានយ៉ាងលឿនក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធអាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបញ្ជាក់ថាការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញជារឿងមួយដែលលោកបានចាប់អារម្មណ៍ខ្លាំងដោយនៅពេលខាងមុខនេះជប៉ុននិងជួយលើបញ្ហានេះតាមរយៈជួយផ្សព្វផ្សាយនិងអប់រំប្រជាពលរដ្ឋអោយបានយល់ពីការទុកដាក់និងផលប៉ះពាល់ពីបញ្ហាសំរាមនេះ។ជាងនេះទៅទៀតលោកក៏នឹងជំរុញឱ្យមានអ្នកវិនិយោគជប៉ុនមកធ្វើការវិនិយោគលើបញ្ហាការគ្រប់គ្រងនិងប្រមូលសំរាមក្នុងរាជធានីភ្នំពេញនេះផងដែរ៕