រាជរដ្ឋាភិបាលកម្ពុជា GMAC និងអង្គការ ILO ចុះហត្ថលេខារួមគ្នា បន្តគម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា រយៈពេល៣ឆ្នាំទៀត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងអង្គការអន្តរជាតិខាងការងារ(ILO) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា “ ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២ ” នៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលគ្របដណ្តប់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ សម្ភារៈ និងកាបូបធ្វើដំណើរ។ នេះជាអនុស្សរណៈលើកទី៦ហើយ ក្នុងការបន្តទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការកាន់តែប្រសើរ ដើម្បីឱ្យស្របទៅនឹងការវិវត្តន៍នៃស្ថានការបច្ចុប្បន្ន និងទៅអនាគត។
អនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំបីខាងលើនេះ លើកទី១ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ដើម្បីបន្តអនុវត្តគម្រោងសហប្រតិបត្តិការបច្ចេកទេសដែលមានឈ្មោះថា “ការធានាថាលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជា សមស្របតាមបទដ្ឋានការងារស្នូលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងស្របតាមច្បាប់ស្តីពីការងារកម្ពុជា”សម្រាប់រយៈពេល ៣ឆ្នាំ ហើយគម្រោងនេះ ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា “គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា” រហូតមកដល់បច្ចុប្បន្ន។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការចូលរួមចំណែក ក្នុងការធានានូវសិទ្ធិការងារ និងលក្ខខណ្ឌការងារល្អប្រសើរ សម្រាប់បងប្អូនកម្មករនិយោជិត និងផ្អែកលើភាពជោគជ័យនៃការអនុវត្តគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២ ។ ការសម្រេចនេះ គឺធ្វើឡើងដើម្បីឆ្លើយតបផងដែរទៅនឹងផែនការសហប្រតិបត្តិការ និងសមាហរណកម្មរបស់គម្រោងរោងចក្រកាន់តែប្រសើរ ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលឆ្លុះបញ្ចំាងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មលើកកម្ពស់ “លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជា សមស្របតាមបទដ្ឋានការងារស្នូល ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងស្របតាមច្បាប់ស្តីពីការងារកម្ពុជា”។
ក្នុងពិធីនោះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ចាប់តាំងពីឆ្នាំ២០០១មក ដើម្បីកែលម្អលក្ខខណ្ឌការងារ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ ដែលទទួលស្គាល់ស្តង់ដារការងារជាអន្តរជាតិ តាមរយៈការអនុវត្តច្បាប់ការងាររបស់កម្ពុជា។ គោលនយោបាយនេះ បានជំរុញការទាក់ទាញវិនិយោគទុន ការបង្កើតការងារ និងប្រាក់ចំណូលសម្រាប់កម្មករ-កម្មការិនី ក៏ដូចជាគ្រួសាររបស់ពួកគាត់ឲ្យកាន់តែប្រសើរទ្បើង និងបានចូលរួមចំណែកកសាងនូវមូលដ្ឋានគ្រឹះក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេស ដែលមានការអភិវឌ្ឍវិស័យឧស្សាហកម្មជាលំដាប់។ ជាមួយគ្នានេះដែរ គោលនយោបាយនេះ ក៏បានធ្វើឲ្យវិស័យពាណិជ្ជកម្ម រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលក្នុងរយៈពេល ២(ពីរ) ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧% រៀងរាល់ឆ្នាំ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញ និងម៉ាកយីហោល្បីៗ ក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផល សម្លៀកបំពាក់ និងវាយនភណ្ឌនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែច្រើនឡើងផងដែរ។ ជាក់ស្តែង ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស នៅឆ្នាំ២០០១ មានទឹកបា្រក់សរុប ១.១៨៨ លានដុល្លារអាមេរិក កើនរហូតដល់ទឹកបា្រក់សរុប ១២.៨៩៥ លានដុល្លាអាមេរិក នៅឆ្នាំ២០១៨។ ក្នុងនោះ ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌ មានកំណើនគួរឲ្យកត់សម្គាល់ ដែលនៅឆ្នាំ២០០១ មានទឹកបា្រក់ត្រឹមតែ ៨២៨ លានដុល្លារអាមេរិក បានកើនដល់ ៧.៧៧៩ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឲ្យដឹងថា “សមាគមរោងចក្រកាត់ដេរ នឹងបន្ត
ធ្វើការជាមួយររោងចក្រកាន់តែប្រសើរនៅកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាការផលិត សុវត្ថិភាពការងារ និងការងារប្រកបដោយចីរភាព សម្រាប់ជាកម្លាំងពលកម្មរបស់កម្ពុជារបស់យើង” ។
លោក Grame Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានកត់សម្គាល់ថា “ដោយធ្វើការជាមួយរាជរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរ យើងនឹងរួមគ្នា
លើកកម្ពស់ការងារសមរម្យ សម្រាប់កម្មកររាប់រយរាប់ពាន់នាក់ ជាពិសេសស្ត្រី ហើយក៏ជួយកម្មករនិយោជិត ក្នុងការអភិវឌ្ឍជំនាញថ្មីៗ អាជីវកម្ម ដើម្បីទទួលប្រាក់ចំណេញកាន់តែច្រើនជាងមុន និងក្រុមគ្រួសារពួកគេ ឲ្យចាកផុតពីភាពក្រីក្រ”៕