ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និរន្តរភាពនៃធនធានធម្មជាតិ សម្រាប់ទាំងអស់គ្នា

70

ភ្នំពេញ៖ របាយការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជា ក្រោមប្រធានបទ​ “និរន្តរភាពនៃធនធានធម្មជាតិសម្រាប់ទាំងអស់គ្នា”​ ដែលត្រូវបានសិក្សារៀបចំឡេីងដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (UNDP) សហការជាមួយក្រសួង​ ស្ថាប័ន​ អង្គការដៃគូ​ និងអ្នកពាក់ព័ន្ធនៅកម្ពុជា ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគាររ៉ាហ្វែលឡឺរ៉ូយ៉ាល់ ។

លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជីវិតប្ដីក្នុងកម្មវិធីនេះ ដោយមានការ អញ្ជេីញចូលរួមក្នុងពិធីនេះ ររួមមាន លោកស្រី Valerie Cliff មន្រ្តីទទួលបន្ទុក ការិយាល័យកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក លោក​ Nick Beresford ប្រធានអង្គការ​ UNDP ប្រចាំកម្ពុជា​ លោកបណ្ឌិត កែវ អូម៉ាលីស ប្រត្តិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ លោក ទិន​ ពន្លក​ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងតំណាងអន្តរក្រសួង តំណាងស្ថានទូតអាមេរិក ជប៉ុន អូស្រ្តាលី វៀតណាម អង់គ្លេស ស៊ុយអ៊ែត អង្គការមិនមែនរដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍ និងសហគមន៍ព្រៃឈើ សុបប្រមាណ១២០នាក់។

នាឱកាសនេះដែរ លោករដ្ឋមន្ត្រី សាយ សំអាល់ និងដៃគូពាក់ព័ន្ធ បានប្រកាសជាផ្លូវការដាក់ឱ្យប្រើប្រាស់ របាយការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជា។ លោករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងបញ្ជាក់ជំហររបស់ រាជរដ្ឋាភិបាលក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវ:ចម្រុះ​ ក៏ដូចជាជួយជំរុញការអភិវឌ្ឍសហគមន៍មូលដ្ឋាន​ និងជីវភាពរបស់ប្រជាសហគមន៍​ ដែលស្របទៅនឹងអនុសាសន៍ គោលនយោបាយលេីកឡេីង នៅក្នុងរបាយការណ៍នេះ ហេីយលោកក៏បានថ្លែងអំណរគុណដល់អង្គការ UNDP និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ​ ដែលបានផ្តល់ការគាំទ្រ ដល់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ សម្រាប់ចូលរួមអនុវត្តសកម្មភាព​ និងកម្មវិធីកំណែទម្រង់ ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដេីម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា​។

លោក សាយ សំអាល់ បានគូសបញ្ជាក់ថា របាយការណ៍នេះ គឺជាឯកសារមួយដ៏មានសារសំខាន់ ចូលរួមគាំទ្រដល់ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការនានា របស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ ដោយចីរភាព ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា ដែលជាត្រីវិស័យចម្បងសម្រាប់ តម្រង់ទិស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅកម្ពុជា។ ជាងនេះទៀត សារដ៏សំខាន់របស់របាយការណ៍នេះ មានលក្ខណៈស៊ីសង្វាក់ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើកំណែទម្រង់ ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ របស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាសេនាធិការ ពោលគឺ«ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព គឺជាគន្លឹះនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់យើង ដើម្បីរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ និងបែងចែកផ្លែផ្កា នៃការអភិវឌ្ឍជូនដល់ប្រជាជនទាំងអស់ ជាពិសេសក្រុមជនងាយរងគ្រោះបំផុត នៅក្នុងសង្គមយើង»៕

អត្ថបទដែលជាប់ទាក់ទង