វិទ្យុអាស៊ីសេរី ស្នើសុំបើកការិយាល័យផ្សាយឡើងវិញនៅកម្ពុជា ប៉ុន្ដែលោកខៀវ កាញារីទ្ធថា ក្រសួងព័ត៌មាន មិនបានបិទវិទ្យុនេះទេ
ភ្នំពេញ៖ អ្នកគ្រប់គ្រងជាន់ខ្ពស់របស់វិទ្យុអាស៊ីសេរីប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានស្នើសុំក្រសួងព័ត៌មាន បើកការិយាល័យផ្សាយឡើងវិញ នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែក្រសួងព័ត៌មានបានតម្រូវឱ្យវិទ្យុនេះ ត្រូវធ្វើការកែតម្រូវនូវពាក្យពេចន៍មួយចំនួនក្នុងការផ្សាយ ដូចជា “ពាក្យ របបក្រុងភ្នំពេញ ជាដើម” ហើយត្រូវបំពេញបែបបទទៅតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ។ នេះបើយោងតាម ការផ្សាយរបស់វេសាយក្រសួងព័ត៌មាន AKP។
ការស្នើសុំរបស់តំណាងវិទ្យុអាស៊ីសេរីនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Matthew Pennington ប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរីប្រចាំតំបន់អាស៊ីអាគ្នេយ៍ (RFA Managing Director for Southeast Asia) នៅទីស្តីការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងរបស់លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា លោក Matthew Pennington ប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរីប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានស្នើឱ្យក្រសួងព័ត៌មាន ធ្វើការពិនិត្យលទ្ធភាពដោយអនុញ្ញាត ឱ្យវិទ្យុអាស៊ីសេរី អាចដំណើរការផ្សាយ និងបើកការិយាល័យឡើងវិញ បាននៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ដថា ប្រសិនបើវិទ្យុអាស៊ីសេរីអាចដំណើរការផ្សាយឡើងវិញ គឺអាចអនុញ្ញាតធ្វើការជួលម៉ោងផ្សាយតាមស្ថានីយវិទ្យុក្នុងស្រុក ដូចដែលក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ធ្វើការជួលម៉ោងផ្សាយដែរ។
ជាការឆ្លើយតប លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា កន្លងមក ក្រសួងមិនដែលបានបិទវិទ្យុអាស៊ីសេរីនោះទេ គឺវិទ្យុអាស៊ីសេរីបានសម្រេចបិទការិយាល័យ ដោយខ្លួនឯងនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា ក្រសួងព័ត៌មានស្វាគមន៍ ចំពោះវិទ្យុអាស៊ីសេរីដែលចាប់អារម្មណ៍ និងចង់ត្រឡប់មកបើកការិយាល័យរបស់ខ្លួននៅកម្ពុជាឡើងវិញ។ លោករដ្ឋមន្រ្ដីបានណែនាំថា ដើម្បីបើកដំណើរការការិយាល័យផ្សាយនៅ កម្ពុជាឡើងវិញ វិទ្យុអាស៊ីសេរីត្រូវធ្វើការកែតម្រូវនូវការប្រើប្រាស់ពាក្យពេចន៍របស់ខ្លួនក្នុង ការផ្សាយដូចជាការប្រើពាក្យថា “របបក្រុងភ្នំពេញ” ជាដើម។ ទន្ទឹមនេះ ត្រូវបំពេញនូវលក្ខខណ្ឌ ផ្លូវច្បាប់ ទៅតាមលិខិតបទដ្ឋានគតិយុត្ដដែលមានជាធរមាន ឱ្យបានពេញលេញ និងត្រឹមត្រូវ ស្របតាមច្បាប់របស់កម្ពុជា។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក៏បានមកជួបជាមួយរដ្ឋមន្រ្ដីក្រសួងព័ត៌មាន ហើយក៏បានស្នើសុំឱ្យក្រសួងព័ត៌មានជួយគាំទ្រ និងសម្របសម្រួលដល់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) អាចជួលម៉ោងផ្សាយនៅតាមស្ថានីយវិទ្យុ ក្នុងស្រុកឡើងវិញបាន សម្រាប់ធ្វើការផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ ឯកភាពចំពោះការស្នើសុំរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងការអនុញ្ញាតឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក អាចជួលម៉ោងផ្សាយ នៅតាមស្ថានីយវិទ្យុសំបុកឃ្មុំ និងស្ថានីយវិទ្យុអេហ្វអឹម ១០២ ក្នុងប្រទេសកម្ពុជា៕