ឃាតករ ជាសង្សារ អារកសម្លាប់នារីរងគ្រោះ ព្រោះខឹងគ្រួសារខាងស្រីមិនឲ្យរៀបការ
ខេត្តស្វាយរៀងៈ នៅទីបំផុតករណីអារកសម្លាប់កម្មារិនីរោងចក្រអំពូលភ្លើងម្នាក់ យ៉ាងព្រៃផ្សៃ កាលពីព្រឹកមិញនេះ បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន។ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក សមត្ថកិច្ច បានកំណត់មុខសញ្ញាជនសង្ស័យ ជាឃាតករសម្លាប់នារីរងគ្រោះហើយ គឺ ជនសង្ស័យជាសង្សារនារីរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវេលាម៉ោង៦និង៣២នាទីព្រឹក នៅក្នុងរោងចក្រ ធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ នាង ក្រឹម ភេទអាយុ ២៥ឆ្នាំ ត្រូវជាសង្សារបស់នារីរងគ្រោះឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលជនសង្ស័យសម្លាប់នារីរងគ្រោះជាសង្សារ ព្រោះ គ្រួសារខាងស្រីមិនឲ្យរៀបការ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។
គួររំលឹកថា នៅព្រលឹមថ្ងៃទី២២ ខែវិច្ឆិកានេះ មានករណីកម្មការិនីម្នាក់ បម្រើការនៅរោងចក្រផលិតអំពូល ត្រូវឃាតករអាកសម្លាប់យ៉ាងព្រៃផ្សៃ។ កម្មការិនីរងគ្រោះ បម្រើការនៅរោងចក្រផលិតអំពូលភ្លើងលំអគ្រប់ប្រភេទ ធី វ៉ាយ អេឡិកទ្រិក ឯ.ក ស្ថិតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ទោះជាយ៉ាងណា សមត្ថកិច្ចនឹងបន្តស្រាវជ្រាវចាប់ឃាតករ មកផ្តន្ទាទោសឲ្យខាងតែបាន៕