វីរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាស វាយយកពិន្ទុជើងឯកពិភពលោក ក្រោយឈ្នះឡាវ វគ្គផ្តាច់ព្រ័ត្រ, អ្នកស្រី ក្លាយជាម្ចាស់មេដាយមាស ៤សម័យជាប់ៗគ្នា
ភ្នំពេញ៖ វីរកីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា អ្នកស្រី កែ ឡេង បានយកឈ្នះកីឡាការិនី ឡាវ Bivilak Theppakan នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាវាយយកពិន្ទុ (Shooting) ដោយលទ្ធផលបច្ចេក ទេស៣៦ ទល់២២ រសៀលថ្ងៃទី២២ ខែវិច្ឆិកានេះ នៅវគ្គផ្តាច់ព្រ័ត្រ។
នៅក្នុងការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដែលមាន៥របៀប (Round) នោះ ក្នុងរបៀបទី១ វីរកីឡាការិនីម្ចាស់ផ្ទះ កែ ឡេង និងកីឡាការិនីឡាវ ធ្វើបានល្អដូចគ្នា ក្នុងពិន្ទុ ៩ទល់៩។ របៀបទី២ អ្នកស្រី កែ ឡេង ធ្វើបានពិន្ទុបន្ថែម សរុប២០ទល់១៥។ ររៀបទី៣ អ្នកស្រី កែ ឡេង បន្តនាំមុខ ២៧ទល់១៨។ របៀបរៀបទី៤ កីឡាការិនីម្ចាស់ផ្ទះ បន្តនាំមុខ ក្នុងពិន្ទុ ៣១ ទល់២២ ហើយនៅរបៀបទី៥ ដែលជារបៀបលេង ចុងក្រោយ គឺអ្នកស្រី កែ ឡេង បានយកឈ្នះលើកីឡាការិនីភ្ញៀវ ឡាវ Bivilak Theppakan ដោយលទ្ធផលពិន្ទុសរុប ៣៦ ទល់២២ ដែលពិន្ទុនេះធ្វើឲ្យអ្នកស្រី កែ ឡេង ក្លាយជាម្ចាស់មេដាយមាសសម័យកាលទី៤ នៅទឹកដីខ្លួនឯង។
សូមបញ្ជាក់ថា ម្ចាស់មេដាយមាសជើងឯកពិភពលោក៣ជំនាន់ជាប់ៗ វីរកីឡាការិនី កែ ឡេង បានក្លាយជាម្ចាស់មេដាយមាស៤សម័យកាលជាប់ៗគ្នា ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយលើពិភពលោក ដោយមិនទាន់មានកីឡាការិនី នៃប្រទេសណាមួយអាចគ្រប់គ្រង មេដាយមាស៤សម័យកាលជាប់ៗគ្នា ដូចអ្នកស្រី កែ ឡេង របស់កម្ពុជាបែបនេះឡើយ។
គួររំលឹកថា នៅក្នុងវិញ្ញសាវាយយកពិន្ទុតាំងពីវគ្គជម្រុះជុំទី១ អ្នកស្រី កែ ឡេង ធ្វើបានល្អបំផុត ដោយអាចធ្វើសម្រេចក្នុងពិន្ទុ៣៨ ដោយឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាការិនីសរុប៤៣ ប្រទេស នៃព្រឹត្តិការណ៍ពានរង្វាន់ជើងឯកពិភពលោកយុវជន និងស្រ្តី លើកទី១៧ ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា៕