ក្រសួងរ៉ែ និងថាមពល ប្រកាស ផ្តល់អាជ្ញាប័ណ្ណ បើកតំបន់សម្បទានស្វែងរុករករ៉ែចំនួន៤កន្លែង
រាជធានីភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពលកាលពី ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹង ស្តីពី
ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំ អាជ្ញាប័ណ្ណស្វែងរុករក។
ក្រសួងរ៉ែ និងថាមពល មានសេចក្តីសោមនស្ស ជម្រាបជូនដល់សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ក្រសួងរ៉ែ និងថាមពល សូមប្រកាសបើកឱ្យដាក់ពាក្យ ប្រកួតប្រជែងជាសាធារណៈ
សម្រាប់ទទួលបានអាជ្ញាប័ណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន ៤ (បួន) តំបន់ ដូចមានក្នុង ផែនទីទីតាំង និងកូអរដោណេ ជូនភ្ជាប់មកជាមួយ ចាប់ពីពេលនេះតទៅ។
បើតាមក្រសួងរ៉ែនិងថាមពល បញ្ជាក់ថា តំបន់សម្បទានស្វែងរុករករ៉ែ ដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមានដូចខាងក្រោម៖ ១. តំបន់សម្បទានស្វែងរុករករ៉ែទំហំ ៤៩,២៥ (សែសិបប្រាំបួនក្បៀសម្ភៃប្រាំ) គីឡូម៉ែត្រក្រឡា
ស្ថិតនៅតំបន់ព្រែកកេងកង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
២. តំបន់សម្បទានស្វែងរុករករ៉ែទំហំ ៣២ (សាមសិបពីរ) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
៣. តំបន់សម្បទានស្វែងរុករករ៉ែទំហំ ៤១,៥៨ (សែសិបមួយក្បៀសហាសិបប្រាំបី) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៤. តំបន់សម្បទានស្វែងរុករករ៉ែទំហំ ៩៣,៩៤ (កៅសិបបីក្បៀសកៅសិបបួន) គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អូរចុស ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងឃុំសុចិត្រ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ក្រសួងជំនាញ បានប្រាប់ដល់សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍ អាចស្នើសុំ “ពាក្យស្នើសុំអាជ្ញាប័ណ្ណស្វែងរុករករ៉ែៗ នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ជាន់ទី៥) នៃទីស្តីការក្រសួងរ៉ែ និងថាមពល អគារលេខ ៧៩-៨៩ វិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។
ពាក្យស្នើសុំអាជ្ញាប័ណ្ណស្វែងរុករករ៉ែ ដែលបានបំពេញរចរាល់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ និង
របាយការណ៍តម្រូវពាក់ព័ន្ធ ហើយដាក់ក្នុងស្រោមសំបុត្រ រួចប្រគល់ជូន “ការិយាល័យច្រកចេញចូលតែមួយ។
របស់ក្រសួងរ៉ែ និងថាមពល យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី។
ប្រធានក្រុមហ៊ុនសូមអញ្ជើញមកដាក់សំណុំឯកសារសុំអាជ្ញាបណ្ណស្វែងរុករករ៉ែដោយផ្ទាល់ ឬប្រគល់
សិទ្ធិជូនអ្នកតំណាងរបស់ខ្លួនមកដាក់ជំនួសក៏បាន ប៉ុន្តែត្រូវមាន “លិខិតប្រគល់សិទ្ធិ” ពីប្រធានក្រុមហ៊ុន។
ក្រសួងរ៉ែ និងថាមពល នឹងប្រកាសផ្សាយជាសាធារណៈ ចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលជ័យលាភី
ដែលក្រសួងសម្រេចជ្រើសរើសនិងផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែជួន បន្ទាប់ពីបានអនុវត្តតាមនីតិវិធីចប់សព្វ
គ្រប់ស្របតាមអនុក្រឹត្យលេខ ៧២ អនក្រ.បក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ និងបានដោះស្រាយបណ្តឹង
តវ៉ាចប់រួចរាល់ជាស្ថាពរ៕