កម្ពុជា និងអូស្រ្តាលី រួមគ្នា ទប់ស្កាត់ អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធបណ្តាញសង្គម
ភ្នំពេញ៖ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្នើសុំដល់ស្ថានទូតអូស្ត្រាលី បន្តជួយជ្រោមជ្រែង លើការផ្តល់ជំនួយជាឧបករណ៍ បច្ចេកទេស ក៏ដូចជា ការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ក្នុងការបង្ការទប់ស្កាត់ អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធបណ្តាញសង្គម ។
នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអនុញ្ញាតមន្ត្រីតំណាងស្ថានទូតអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា ចំនួន៤រូប គឺលោកស្រី Rebecca Goddard លោកស្រី Danielle Gardiner លោកស្រី Jennifer Burke និងលោក សិលា សារុំ ចូលជួបពិភាក្សាការងារ ដោយផ្តោតសំខាន់លើប្រធានបទស្តីពី សកម្មភាពបង្ការទប់ស្កាត់ អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធបណ្តាញសង្គម ។
ភាគីមន្ត្រីតំណាងស្ថានទូតអូស្រ្តាលី មានគោលបំណងស្វែងយល់ ឲ្យកាន់តែច្បាស់អំពីស្ថានភាពទូទៅ នៃកិច្ចដំណើរការអនុវត្តការងារ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងការឆ្លើយតបនឹងការប្រយុទ្ធប្រឆាំង អំពើកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីទទួលបានទិន្នន័យមូលដ្ឋាន សម្រាប់ការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ស្តីអំពី “ការវិវឌ្ឍន៍ វិធីសាស្ត្រដោះស្រាយ ដើម្បីឆ្លើយតបចំពោះការទប់ស្កាត់ អំពើកេងប្រវ័ញ្ចកុមារតាមប្រព័ន្ធអ៊ីនធឺណិត” ដែលនឹងប្រារព្ធធ្វើឡើង នៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២០ ខាងមុខនេះ ។
លោក ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ទោះបីជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទើបបានបង្កើតថ្មី មានបទពិសោធន៍តិចតួច ពាក់ព័ន្ធនឹងបទល្មើសខាងលើ ក៏ដោយ ក៏នាយកដ្ឋាន មានរចនាសម្ព័ន្ធជាការិយាល័យជំនាញ ដែលមានការយកចិត្តទុកដាក់ ពិនិត្យទៅលើខ្លឹមសារលើប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាក្នុងបណ្តាញសង្គម ជាពិសេសបណ្តាញសង្គមហ្វេសប៊ុក ហើយក្នុងករណីដែលរកឃើញថា ខ្លឹមសារទាំងនោះ ល្មើសទៅច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា នាយកដ្ឋាន នឹងស្នើសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំ នៃអគ្គស្នងការនគរបាលជាតិ ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ។ លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ឯក បានបង្ហាញអំពីលទ្ធផល ការងារដែលសម្រេចបាន ដែលជាកិច្ចសហការជាមួយស្ថាប័នផ្សេងៗ មានដូចជា កិច្ចសហការកោសល្យវិច័យឧបករណ៍អេឡិកត្រូនិក ដែលទទួលបានពីនាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន ក៏ដូចជាបណ្តាស្នងការរាជធានី-ខេត្តផ្សេងៗ ដែលមានបទល្មើសខាងលើនេះ បានកើតឡើង។
ទោះបីជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក បានសម្តែងនូវក្តីបារម្ភ ដោយលោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ មានការព្រួយបារម្ភចំពោះការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស របស់បច្ចេកវិទ្យាអ៊ីនធឺណិត ពីមួយថ្ងៃទៅមួយថ្ងៃ ដែលអាចនឹងជះឥទ្ធិពលអវិជ្ជមាន ដល់កុមារតូចៗ ពីព្រោះថាបចុប្បន្ន ឪពុកម្តាយភាគច្រើន ផ្តល់ឱកាសឲ្យកូនតូចរបស់ខ្លួន ប្រើប្រាស់ទូរស័ព្ទដៃ ដែលមានកម្មវិធី ចូលទៅប្រើប្រាស់អ៊ីនធឺណិត និងកម្មវិធីបណ្តាញសង្គមផ្សេងៗ ហើយភាគច្រើន ការប្រើប្រាស់នោះពុំមានសុវត្ថិភាព ដោយសារតែពួកគាត់ ខ្វះនូវចំណេះដឹងនៃការប្រើប្រាស់ ដែលអាចនាំឲ្យក្លាយខ្លួនទៅជាជនរងគ្រោះ នៃអំពើកេងប្រវ័ញ្ចផ្លូវភេទនេះតែម្តង។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានស្នើសុំដល់ស្ថានទូតអូស្ត្រាលី បន្តជួយជ្រោមជ្រែង លើការផ្តល់ជំនួយជាឧបករណ៍បច្ចេកទេស ក៏ដូចជាការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែង ដែលមន្ត្រីនគរបាលអូស្ត្រាលីជួបប្រទះ និងដោះស្រាយកន្លងមក។ ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណដល់តំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ជាពិសេសមន្ត្រីនគរបាលអូស្ត្រាលី ដែលតែងតែសហការល្អ ជាមិត្តល្អ ក្នុងចែករំលែកបទពិសោធន៍ ចំណេះដឹង ដល់មន្ត្រីនគរបាលជាតិកម្ពុជា៕ដោយ៖កូឡាប