ប្រធានក្រុមប្រឹក្សារាជធានី ចាត់ទុកសមាគម ក្រុមប្រឹក្សាខណ្ឌ សង្កាត់ ជាដៃគូរមិនអាចខ្វះបាន ក្នុងការរៀបចំគោលនយោបាយរាជរដ្ឋាភិបាល
ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានចាត់ទុក ក្រុមប្រឹក្សា និង សមាគម ក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ ជាដៃគូរដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមរៀបចំនិងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តកំណែទ្រង់ វិមជ្ឈកាល វិសហមជ្ឈកាល ដែលបាននិងកំពុងអនុវត្តហើយចូលដល់ស៊ីជម្រៅនាពេលបច្ចុប្បន្ននេះ។
លោកប្រធានក្រុមប្រឹក្សា បានលើកឡើងដូចនេះ កាលពីរសៀលថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះនៅក្នុងឱកាសអញ្ជើញបិទមហាសន្និបាត អាណត្តិទី៣ សមាគម ក្រុមប្រឹក្សា ខណ្ឌសង្កាត់ ដែលបានរៀបចំធ្វើពេញមួយថ្ងៃនៅសាលារាជធានីភ្នំពេញ។
លោក បន្តថា តទៅនេះរដ្ឋាបាលថ្នាក់ក្រោមជាតិ នឹងមានការទទួលខុសត្រូវកាន់តែច្រើនបន្ថែមទៀត ជាពិសេសពាក់ព័ន្ធមុខងា និងធនធាន ដែលរាជរដ្ឋាភិបាលបានសម្រេចផ្ទេរ សម្រាប់កសាងមូលដ្ឋានឱ្យមានប្រសិទ្ធភាព តម្លាភាពនិងគណន័យភាព។ មួយវិញទៀត ដើម្បីឱ្យការងារថ្នាក់ក្រោមជាតិនេះ មានប្រសិទ្ធភាព ទាមទាឱ្យសមាជិកក្រុមប្រឹក្សាទាំងអស់បង្កើនសមត្ថភាពបន្ថែមទៀត។
លោកប៉ា សុជាតិវង្ស ក្នុងឱកាសនោះដែរក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដែលរាជរដ្ឋាភិបាលកំពុងតែផ្តោតការយកចិត្តទុកដាក់ក្នុងនោះ គឺទី១ការបង្កើតធនធានផ្នែកអភិវឌ្ឍន៍ឱ្យដល់ទៅរដ្ឋបាលឃុំ សង្កាត់ ទី២ ការផ្ទេធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងទី៣ គឺការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យការអនុវត្តវិជ្ឈកាលនិងវិសហមជ្ឈកាលប្រព្រឹត្តិទៅប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព តាមការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលក្រុមប្រឹក្សាត្រូវតែយកចិត្តទុកដាក់ឱ្យខ្ពស់បំផុត។
បន្ថែមពីនេះទៀត លោក ប្រធានក្រុមប្រឹក្សា ក៏បានក្រើនរំលឹកអោយមន្រ្តីក្រុមប្រឹក្សា ក៏ដូចជាសមាគម ក្រុមប្រឹក្សាខណ្ឌ សង្កាត់ ទាំងអស់ ត្រូវជម្រុញកិច្ចដំណើរតាមមុខងារ និងរចនាសម្ព័ន្ធថ្មីឱ្យបានល្អ និងតម្លាភាព ចាប់ពីឆ្នាំ២០២០តទៅ។
លោកបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ២០២០នេះទៅ រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានមុខងារ មានធនធាន សិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្បាស់លាស់ ហើយការផ្តល់សេវាចាំបាច់ជាមូលដ្ឋាននានា និងការអភិវឌ្ឍមូលដ្ឋាន ត្រូវតែឆ្លើយតបទៅនិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ ហើយក៏ត្រូវមានគណនេយ្យភាពចំពោះក្រសួង ស្ថាប័ន ក្នុងការធានាការគ្រប់គ្រង យ៉ាងហោចក្នុងកម្រិតអប្បរមានិងស្តង់ដាសេវា ដែលបានកំណត់ដោយក្រសួង ស្ថាប័នថ្នាក់ជាតិ។
លោកប៉ា សុជាតិវង្សក៏បានស្នើឱ្យសមាគមក្រុមប្រឹក្សាខណ្ឌសង្កាត់ បន្តផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ក្នុងការដឹកនាំការគ្រប់គ្រង ត្រួតពិនិត្យលើការអនុវត្តន៍មុខងារ និងធនធាន ដែលបានផ្ទេរឱ្យមានប្រសិទ្ថភាព តម្លាភាព និងគណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ពោលគឺឈរលើទស្សនៈ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។
ក្នុងឱកាសនោះដែរ លោក ម៉ៅ បូរ៉ា ដែលបានជាប់ឆ្នោតជាប្រធានសមាគម ក្រុមប្រឹក្សា ខណ្ឌ សង្កាត់ រាជធានីភ្នំពេញ ក៏បានប្តេជ្ញាចិត្ត ដឹកនាំសមាគមមួយនេះដោយឈរលើគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាព នឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមសហគ្នាជាមួយអ្នកពាក់ព័ន្ធប្រកបដោយតម្លាភាព និងគណនេយ្យភាព ពិសេសខិតខំកសាងទំនាក់ទំនងល្អ ជាមួយស្ថាប័ន និងភាពជាដៃគួជាមួយរដ្ឋបាលផ្សេងៗទៀត រួមទាំងមន្ទីរ អង្គភាពជុំវិញរាជធានី អង្គការជាតិ អន្តរជាតិ ដោយខិតខំគៀងគរ ដោយស្មារតី ធនធានសម្ភារៈ ដើម្បីឆ្លើយតបនិងគោលបំណងរបស់សមាជិក៕