ដោយសារម្ដាយក្មេកសម្ដេចតេជោ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ សម្ដេចតេជោ លុបចោលការចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលុបចោល ដំណើរអញ្ជើញទៅចូលរួម កិច្ចប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូ នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៤-២៧ វិច្ឆិកា។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដែលសម្តេចលុបចោលកិច្ចប្រជុំខាងលើនោះ ដោយសារតែម្តាយក្មេករបស់សម្ដេច កំពុងស្ថិតក្នុងស្ថិតក្នុងស្ថានភាព និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅបណ្ដាញសង្គម ហ្វេសប៊ុក នារសៀលថ្ងៃទី២៣ វិច្ឆិកានេះ ៖ “ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំ កំពុងស្ថិតនៅសង្រ្គោះបន្ទាន់ នឹងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះ បានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញ ទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ”។
ដោយបំពេញភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀត ចំពោះការអាក់ខានរបស់ខ្ញុំ សម្រាប់កិច្ចប្រជុំដ៏មានសារសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។
ខ្ញុំក៏សូមការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េ ដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយខ្ញុំនៅល្ងាច ថ្ងៃទី ២៤ វិច្ឆិកា២០១៩។
សុំការយោគយល់សម្រាប់កម្មវិធីការងារមួយចំនួនផ្សេងទៀត ដែលនឹងត្រូវលុបចោល ដើម្បីផ្តល់លទ្ធភាពឱ្យខ្ញុំរួមជាមួយភរិយា និងក្រុមគ្រួសារ ដើម្បីធ្វើបុណ្យជូនអ្នកមានគុណ ដែលជាការជូនដំណើរចុងក្រោយ ដែលគ្មានថ្ងៃវិលត្រឡប់ សម្រាប់អ្នកម្តាយជាទីគោរពស្រឡាញ់៕