សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យ លោក ផែង វណ្ណៈ ពន្យល់អំពីខមមិនរូប ចចកលោតថើបគ្នា ក្នុងខ្លឹមសារដែលសម្តេចបង្ហោះអំពីស្ថានភាពជំងឺម្តាយក្មេក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទាមទារឱ្យលោក ផែង វណ្ណៈ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ពន្យល់អំពីខមមិន របស់លោកលើរូប ចចកលោតថើបគ្នា ក្នុងខ្លឹមសារដែលសម្តេចបង្ហោះអំពី ស្ថានភាពជំងឺម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់។
សម្តេចតេជោ ហ៊ុន សែន បានខមមិនឆ្លើយតបនឹងរូបថតលោតថើបគ្នា ដែលលោកផែង វណ្ណៈបង្ហោះនៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមលោក ផែង វណ្ណៈ ពន្យល់ខ្ញុំបានទេតើរូបដែលបញ្ជូនមកនេះ «ចចកលោតថើបគ្នា» មានន័យយ៉ាងណាដែរ ? សប្បាយរីករាយដោយឃើញម្តាយខ្ញុំឈឺធ្ងន់ឬស្លាប់ឬចូលរួមកើតទុក្ខ?»
សូមជំរាបថា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះតាមរយៈហ្វេកប៊ុកផ្លូវការរបស់សម្តេច ដោយជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរឲ្យដឹងអំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ប៉ុន្តែត្រូវបានលោក ផែង វណ្ណៈបង្ហោះរូបភាពចចកថើបគ្នានៅក្នុងខ្លឹមសារនេះ។ ប៉ុន្តែលោក ផែង វណ្ណៈ បានបកស្រាយថាការខមមិនក្នុងន័យគោរពស្រឡាញ់តែប៉ុណ្ណោះ។
គណនី Vannak Pheng បានឆ្លើយតប ទៅគណនី Samdech Hun Sen, Cambodian Prime
Minister ថា បាទសម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំបាទបាន ខមមិនរូបនេះ បង្ហាញពីការគោរព ស្រលាញ់ សម្តេចតេជោ និង លោកយាយ ជាទីគោរពតែប៉ុណ្ណោះ ។ ខ្ញុំបាទ អត់មានចេតនាអ្វីអាក្រក់ទេ សូមគោរព
ជូនពរ លោកយាយឆាប់ជាពី ជម្ងឺ ដើម្បីជាម្លប់ដល់កូនចៅទាំងអស់គ្នា ។ គួរពុំគួរ សូមសម្តេចតេជោ មេត្តាអភ័យទោសដល់ខ្ញុំបាទផង ៕