ស្នងការនគរបាលខេត្តស្វាយរៀង ចេញរបាយការណ៍លម្អិតទាក់ទងករណីឃាតកម្មកម្មការិនីរោងចក្រ ឯឃាតករលង់ទឹកស្លាប់
ខេត្តស្វាយរៀង៖ ប្រទះឃេីញសាកសពបុរសម្នាក់អណ្តែតទឹក សមត្ថកិច្ចជំនាញ អះអាងថា ជាឃាតករសម្លាប់កម្មការិនីរោងចក្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម្សិលមិញនេះ។
នៅថ្ងៃទី២៣.១១.២០១៩ ម៉ោង១១:០០ នៅត្រង់ចំណុចស្រះទឹក ក្នុងភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីរោងចក្រធីវ៉ាយ (កន្លែងកើតហេតុករណីឃាតកម្ម) មានប្រជាពលរដ្ឋប្រទះឃើញកាបូប ស្បែកជើងប៉ាតតានិងមួក ហើយបានមករាយការណ៍ជូនសមត្ថកិច្ចនគរបាល ៗ ក្រោយទទួលព័ត៌មាន បានចុះទៅដល់កន្លែងកើតហេតុជាបន្ទាន់ និងពិនិត្យមើលភូមិសាស្ត្រជុំវិញនោះ ក៍ប្រទះឃើញសាកសពមនុស្ស អណ្តែតក្នុងទឹកស្រះ។ តាមការពិនិត្យសម្ភាររបស់សាកសព រួមមាន : ប័ណ្ណសម្គាល់កម្មករ រូបថត មួកមានប្រឡាក់ឈាម ស្នាមដាច់នៅលើដៃ បញ្ជាក់ថា សាកសពគឺជាឃាតករឈ្មោះ នាង ក្រឹម ភេទប្រុស អាយុ ២៤ឆ្នាំ ដែលសម្លាប់កម្មការនីឈ្មោះ ខឹម ពិសាល អាយុ ២៤ ឆ្នាំ កាលពីថ្ងៃ ២២/១១/២០១៩ នៅរោងចក្រធីវ៉ាយ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យ ជនសង្ស័យស្លាប់ដោយលង់ទឹក ក្រោយពេលដោះស្បែកជើង មួក កាបូប ទុកនៅមាត់ស្រះ រួចចុះលាងដៃជើង ខ្លួនប្រាណដែលប្រឡាក់ឈាម ហើយរអិលធ្លាក់ក្នុងទឹកបឹងដែលមានជម្រៅជ្រៅ ។
សូមរំលឹកផងដែរថា ករណីឃាតកម្មកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង៦និង៣០នាទីព្រឹក នៅក្នុងរោងចក្រ ធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បង្កឡើងដោយជនសង្ស័យឈ្មោះ នាង ក្រឹម ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ត្រូវជាសង្សារបស់នារីរងគ្រោះឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ តាមការស្រាវជ្រាវរកមូលហេតុ នៃករណីឃាតកម្មនេះ ដោយសារ ជនសង្ស័យសម្លាប់នារីរងគ្រោះជាសង្សារ ព្រោះ គ្រួសារខាងស្រីមិនឲ្យរៀបការ។
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន ហើយសមត្ថកិច្ចបានស៊ើបអង្កេតស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី ២៣.១១.២០១៩ នេះ ក៏ប្រទះសាកសព ដែលជាឃាតករ សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន អណ្តែតក្នុងស្រះទឹកស្លាប់តែម្តង។