ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាវុធហត្ថ បង្ក្រាបមុខសញ្ញាប្លន់ម៉ូតូកង់បី (Passapp) និងលួចរថយន្ត

87

កណ្តាល៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោកតែងតែយកចិត្តទុកដាក់ ដាស់តឿនក្រើនរំលឹក ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។
ជាក់ស្តែងករណីប្លន់ម៉ូតូកង់បី មួយកើតឡើងនៅវេលាម៉ោង១:១៦នាទី ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានស្រាវជ្រាវ និងបង្ក្រាបបានទាន់ពេលវេលា។
ករណីនេះក្រោយកើតហេតុជនរងគ្រោះពីរនាក់៖ ១.ឈ្មោះ អាន សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំភូមិជម្ពវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ប្តី)។
២.ឈ្មោះ ជ សុវណ្ណឌី ភេទស្រី អាយុ២២ឆ្នាំ មុខរបរមេផ្ទះ (ប្រពន្ធ) បានមករាយការណ៍ និងប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលថា៖ មានជនសង្ស័យពីរនាក់បានឲ្យដឹកពួកគេពីចំណុចវិមានឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយប្រពន្ធរបស់ជនរងគ្រោះ ក៏រួមដំណើរជាមួយផងដែរ។ លុះពេលមកដល់ចំណុចកើតខាងលើ ជនសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច ភ្ជង់ក ជនរងគ្រោះឈ្មោះ ជ សុវណ្ណឌី ជាប្រពន្ធ ហើយវាយជាច្រើនដៃ និងឆក់យកកាបូបលុយ ព្រមទាំងដេញជនរងគ្រោះជាប្តីចេញពីម៉ូតូកង់បី រួចហើយជនសង្ស័យ (បាន រត្ន័) ក៏បើកគេចខ្លួនបាត់ ដោយបន្សល់ទុកបក្សពួករបស់គេម្នាក់ឈ្មោះ សាវណ្ណ ដាវីន ដែលរត់ឡើងម៉ូតូកង់បីមិនទាន់។
ដោយមានការចង្អុរបង្ហាញដឹកនាំបញ្ជាផ្ទាល់ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីលោក ឧត្ដមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងខេត្តព្រៃវែង ពិសេសដោយមានការផ្តល់បច្ចេកទេសបទពិសោធន៍ពីជំនាញស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេសផងនោះ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោកអនុសេនីយ៍ឯក សឿ បញ្ញា ប្រធានមន្ទីរយុត្តិធម៌ស្តីទី បានបើកកិច្ចសហប្រតិបត្តិការ ជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ធ្វើការឃាត់ជនសង្ស័យចំនួនពីរនាក់
១.ឈ្មោះ សាវណ្ណ ដាវីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃកើតហេតុ ក្បែរកន្លែងកើតហេតុ។
២.ឈ្មោះ បាន រត្ន័ (ហៅគ្រាក់) ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ៦:៥០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិចុងទួល ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ក្រោយពីរត់គេចខ្លួនបានមួយថ្ងៃ។
កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានចាប់យក និងដកហូតសម្ភារៈរបស់ជនរងគ្រោះពីជនសង្ស័យរួមមាន:
១.ម៉ូតូកង់បីចំនួន ០១គ្រឿង
២.ទូរស័ព្ទដៃ ចំនួន០១គ្រឿង។
៣.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក និងកាតវីងចំនួន ០១សន្លឹក។
៤.ដែកច្នៃរាងអក្សរ T ចំនួន០១។

នៅចំពោះមុខសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា៖ ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ម៉ូតូកង់បី ពីជនរងគ្រោះពិតប្រាកដមែន។ ដោយឡែកជនសង្ស័យឈ្មោះ បាន រត្ន័ បានសារភាពបន្ថែមទៀតថា៖ បន្ទាប់ពីខ្លួនប្លន់ម៉ូតូកង់បី ពីជនរងគ្រោះ រូបគេបានជិះរត់គេចខ្លួនទៅស្រុកកំចាយមារ និងស្រុកមេសាង ខេត្តព្រៃវែង ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង ម៉ាក Corola ពណ៌ទឹកមាស ស៊េរីឆ្នាំ១៩៩៧ នៅចំណុចផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ព្រមទាំងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី។ ហើយត្រូវ តុលាការខេត្តកណ្ដាលចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង