ក្រសួងកសិកម្ម ចេញចរាចរណែនាំទប់ស្កាត់ បង្ការការខូចខាត ដោយគ្រោះជំនន់ទឹកភ្លៀងរដូវវស្សា ឆ្នាំ២០១៨
ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញចរាចរណែនាំ ស្តីពី វិធានការទប់ស្កាត់ បង្ការការខូចខាតដោយគ្រោះទឹកជំនន់ទឹកភ្លៀង រដូវវស្សាឆ្នាំ២០១៨។ លោករដ្ឋមន្រ្តី ក៏បានធ្វើការណែនាំដល់គ្រប់អង្គភាពបច្ចេកទេសក្រោមឱវាទ និងមន្ទីរកសិកម្មរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្ត នូវវិធានចាំបាច់ និងបន្ទាន់មួយចំនួន។
ចរាចរណែនាំរបស់ក្រសួងកសិកម្ម ៖ ថ្មីៗនេះ ក្រសួងកសិកម្ម បានសង្កេតឃើញថាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅទូទាំងប្រទេសដែលអាចធ្វើឲ្យតំបន់មួយចំនួន ទទួលរងនូវបាតុភាពគ្រោះធម្មជាតិ បង្កឡើងដោយទឹកជំនន់ ទឹកភ្លៀង និងទឹកជំនន់ទឹកទន្លេមេគង្គ។ ស្ថានភាពនេះបង្កឲ្យមានការខូចខាតជាយថាហេតុ ដល់ដំណាំកសិកម្ម ពិសេសដំណាំស្រូវ ព្រមទាំងការបាត់បង់ដល់អាយុជីវិតសត្វពាហនៈ។
លោករដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីត្រៀមលក្ខណៈជួយសង្រ្គោះផលដំណាំរដូវវស្សា និងសត្វពាហនៈក្នុងពេលមានទឹកជំនន់នេះ ក្រសួងកសិកម្ម សូមធ្វើការណែនដល់គ្រប់អង្គភាពបច្ចេកទេសក្រោមឱវាទ និងមន្ទីរកសិកម្ម រាជធានីខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការចាំបាច់ និងបន្ទាន់មួយចំនួន គឺត្រូវតាមដានជាប្រចាំនូវស្ថានភាពទឹកជំនន់ ត្រៀមលក្ខណៈសង្រ្គោះបន្ទាន់ វាយតម្លៃផលប៉ះពាល់ និងការខូចខាតជាបណ្តើៗ ដើម្បីទទួលបានតួលេខពិតប្រាក ដោយក្តាប់ឲ្យបានទីតាំង និងស្ថានភាពភូមិសាស្រ្ត ដែលមានលទ្ធភាពអាចស្តារនូវការខូចខាតបាន។ ត្រូវពិនិត្យលទ្ធភាព និងត្រៀមលក្ខណៈផ្តល់ស្រូវពូជ ព្រមទាំងដំណាំផ្សេងៗសម្រាប់កិច្ចអន្តរាគមន៍ស្តារការខូចខាតឡើងវិញនាពេលខាងមុខ។ ត្រៀមរៀបចំសកម្មភាពធ្វើអន្តរាគមន៍ និងចាត់មន្រ្តីជំនាញឲ្យត្រៀមប្រចាំការនៅកន្លែងទីទួលសុវត្ថិភាព ដើម្បីពិនិត្យសុខភាពសត្វ សង្រ្គោះសត្វ និងចាត់វិធានការបសុព្យាបាល ធានាបង្ការ ការពារជំងឺសត្វ និងការផ្តល់ចំណីសត្វ ។ ត្រៀមថ្នាំការពារ ព្យាបាល សម្ភារៈបសុព្យាបាល ឲ្យបានគ្រប់គ្រាន់ ចំណីសត្វ និងត្រៀមទីទួលខ្ពស់មិនលិខទឹកដើម្បីជម្លៀសសត្វ នៅពេលមានទឹកជំនន់មកដល់។ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីវិធីសាស្រ្តថែរក្សាគោ ក្របី ផ្តល់ទឹក ចំណី ការអនុវត្តអនាម័យល្អ និងការតាមដានអនាម័យសត្វ និងរាយការណ៍អំពីសត្វឈឺមកមន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាល ឬភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ជាដើម៕