ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមិន​បានចុះឈ្មោះសង្កេតការណ៍ មិនអាចចេញសេចក្ដីថ្លែងការណ៍ វាយតម្លៃលើការបោះឆ្នោត

76


ភ្នំពេញ៖ គ​ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឲ្យដឹងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមិនបានសុំចុះឈ្មោះ ជាអ្នកសង្កេតការណ៍ ចូលរួមសង្កេតការណ៍បោះឆ្នោតនៅ គ.ជ.ប មិនអាចធ្វើសកម្មភាពបំពេញការងារ និងសេចក្ដីថ្លែងការណ៍នានា ដែលអាចសន្និដ្ឋានបានថា ជាការវាយតម្លៃលើការបោះឆ្នោតបានឡើយ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ​ស្ដីពីការសង្កេតការណ៍បោះឆ្នោត របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ។ គឺមានទិសដៅឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពិនិត្យលើដំណើរការបោះឆ្នោត ដើម្បីប្រមូលទិន្នន័យសម្រាប់ធ្វើសេចក្តីថ្លែងការណ៍ វាយតម្លៃលើភាពអាចទទួលយកបាន នៃលទ្ធផលបោះឆ្នោត។ តាមគោលការណ៍ គ.ជ.ប សូមធ្វើការណែនាំដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដូចជា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានស្នើសុំចូលរួមសង្កេតការណ៍បោះឆ្នោត ដែលត្រូវបានទទួលស្គាល់ដោយ គ.ជ.ប មានសិទ្ធិបំពេញការងារសង្កេតការណ៍ និង​ចេញសេចក្តីថ្លែងការណ៍វាយតម្លៃលើការបោះឆ្នោត ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត ក្នុងដំណើការបោះឆ្នោត។ ក្នុងពេលចុះបំពេញការងារ ត្រូវពាក់ប័ណ្ណសម្គាល់ដែលគ.ជ.ប បានផ្តល់ជូន។ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមិនបានសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ ចូលរួមសង្កេតការណ៍បោះឆ្នោតនៅ គ.ជ.ប មិនអាចធ្វើសកម្មភាពបំពេញការងារ និងសេចក្ដីថ្លែងការណ៍នានា ដែលអាចសន្និដ្ឋានបានថា ជាការវាយតម្លៃលើការបោះឆ្នោតបានឡើយ។

គ.ជ.ប បានបញ្ជាក់ថា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្ដទៅបានដោយរលូនល្អ តាមគោលការណ៍ នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវអនុវត្តតាមសេចក្ដីណែនាំនេះឲ្យបានមានប្រសិទ្ធភាពខ្ពស់ ជាពិសេសអនុលោមតាមមាត្រា១០ មាត្រា១១ មាត្រា១២ និងមាត្រា១៣ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត តម្រូវឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍បោះឆ្នោត ស្នើសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយត្រូវអនុវត្តតាមបទបញ្ជា និងនីតិវិធីរបស់គ.ជ.ប និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត ក្នុងដំណើរការបោះឆ្នោត៕​

អត្ថបទដែលជាប់ទាក់ទង