អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បញ្ជាក់ពីការបាក់រលំអគារការដ្ឋានសាងសង់ សាលាធម្មសភា
សៀមរាប៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប ស្តីពីការបាក់រលំអគារការដ្ឋានសាងសង់ សាលាធម្មសភា នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា មកទល់ម៉ោង ១១៖០០នាទីយប់នេះ ជនរងគ្រោះមានចំនួនត្រឹមតែ ១៦នាក់ដដែល ហើយក្រុមការងារបានបន្តកាយគំនរសំណង់អគារបាក់ នៅវត្តប្រាសាទគោកចក នៅសល់ប្រមាណ ២០ភាគរយ។
កងពលតូចលេខ៧០ បានប្រកាសថា ក្រុមរុករកនិងសង្គ្រោះ 711 បានសហការជាមួយក្រុមសង្គ្រោះ អង្គភាពផ្សេងៗជាច្រើនទៀត និងកម្លាំងមូលដ្ឋាននៅទីនោះ បានជួយសង្គ្រោះជនរងគ្រោះ ដោយសារបាក់ស្រុតសំណង់ សាលាឆាន់ដែលកំពុងសាងសង់ នៅវត្តគោកចក ក្នុងក្រុងសៀមរាប។ លទ្ធផលក្រុមសង្គ្រោះ ជួយសង្គ្រោះជនរងគ្រោះបានដូចខាងក្រោម៖ ជនរងគ្រោះមាន១៦នាក់ របួស ១៣ នាក់ ក្នុងនោះរបួសធ្ងន់ ៤ នាក់និង ស្លាប់ ៣ នាក់។
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងឧបទ្ទេវហេតុបាក់អគារធម្មសភានៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបកាលពីវេលាម៉ោង ១៤៖១៥នាទីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពបានបន្តដឹកនាំកម្លាំងចម្រុះសង្គ្រោះ ជនរងគ្រោះដោយករណីបាក់អគារធម្មសភា ដោយមានការចូលរួមពី គណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ រួមមានកងទ័ពអាកាស យោធភូមិភាគទី ៤ តំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋបានចូលរួមសង្គ្រោះយ៉ាងសស្រាក់សស្រាំ។ បន្ថែមពីនេះក្រុមការងារជួយសង្គ្រោះ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចុះមកជួយក្នុង សកម្មភាពប្រតិបត្តិការជួយសង្គ្រោះនេះផងដែរ។
ជាមួយគ្នានេះ លោក អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ក៏បានចុះមកដល់កន្លែងកើតហេតុ និងចុះសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។
សូមបញ្ជាក់មកទល់ពេលនេះ ជនរងគ្រោះដែលបានរកឃើញសរុបមានចំនួន ១៦នាក់ ស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងរបួសស្រាល ១០នាក់ ហើយក៏មិនមានជនរងគ្រោះរកឃើញបន្ថែមទៀតទេ។ តែទោះបីយ៉ាងនេះក្តីក្រុមការងារបន្តកាយគំនរសំណង់ ដែលនៅសេសសល់បន្តិចបន្តួចប្រមាណទៀតប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប ស្តីពីការបាក់រលំអគារការដ្ឋានសាងសង់សាលាធម្មសភា នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖