មនុស្សចំនួន២៨នាក់ នៅក្នុងស្រុកពួក មានអាការៈពុលត្រីប្រៃកំពិស
ខេត្តសៀមរាប: សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីអំឡុងម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ មានមនុស្សប្រុសស្រីក្មេងចាស់ចំនួន២៨នាក់ ដែលមានអាយុចាប់ពី៥ឆ្នាំដល់អាយុ៦៨ឆ្នាំ នៅពីរឃុំក្នុងស្រុកពួក គឺឃុំពួក និង ឃុំខ្នាត កើតមានអាការៈពុលត្រីប្រៃកំពិស តែមិនធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតនោះទេ ក្នុងនោះនៅក្នុងឃុំពួកមានចំនួន ២១នាក់ រួមមាន៖ នៅភូមិប្រយុទ្ធចំនួន ១៣នាក់ ក្នុងនោះស្រីចំនួន៦នាក់ , ភូមិគោកស្រុកមនុស្សស្រីចំនួន៥នាក់ ភូមិកំពង់តាយ៉ងចំនួន១នាក់ ជាមនុស្សស្រី និងភូមិចំបក់ហែ ចំនួន២នាក់ ក្នុងនោះស្រីចំនួន០១នាក់ និង ភូមិគោកត្រាច ក្នុងឃុំខ្នាត ចំនួន៧នាក់ ក្នុងនោះស្រីចំនួន៣នាក់ ។
សមត្ថកិច្ច បានឲ្យដឹងបន្ថែមថា:បន្ទាប់ពីប្រជាពលរដ្ឋបានទិញត្រីប្រៃកំពិស ទៅធ្វើម្ហូបហូបជាមួយបាយ និងក្រោយការហូបត្រីប្រៃកំពិសមក ក៏ស្រាប់តែកើតមានអាការៈពុលក្អួតចង្អោរ ឃើញសភាពបែបនេះ ក៏បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យបង្អែកពួក មណ្ឌលសុខភាពទឹកវិល មណ្ឌលសុខភាពខ្នាត នៅគ្លីនិចឯកជន និង អ្នកជំងឺមួយចំនួនបានសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន ។
សមត្ថកិច្ច បានឲ្យដឹងបន្ថែមទៀតថា: អ្នកផលិតត្រីប្រៃកំពិស មានឈ្មោះ ប៊ូ នឿម ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិគោកជួន ឃុំពួក ស្រុកពួក ជាអ្នកធ្វើត្រីប្រៃហើយយកទៅលក់នៅទីផ្សារក្នុងស្រុកពួកជាអចិន្ត្រៃយ៍ ហើយករណីនេះ សមត្ថកិច្ច និង ជំនាញ កំពុងធ្វើការស្រាវជ្រាវបន្តទៀត ៕ដោយ៖បញ្ញាស័ក្តិ