ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា ជាងពីរប៊ីលានយ៉េន សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តពោធិ៍សាត់
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៩ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១០:៣០ នាទីព្រឹក នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៃព្រះរាជាណាចក្រកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន
ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង
របស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ២.៤០៥.០០០.០០០ (ពីរប៊ីលានបួនរយប្រាំលានយ៉េន) សម្រាប់អនុវត្តគម្រោង ”ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់” ។
គួរកត់សម្គាល់ថា ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទឹកស្អាត៕