ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជារៀបចំពិព័រណ៍ទេសចរណ៍ក្នុងស្រុកលើកដំបូង ដើម្បីផ្សព្វផ្សាយផលិតផលទេសចរណ៍ និងជំរុញចលនាទេសចរណ៍ក្នុងស្រុក

126

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំពិព័រណ៍ទេសចរណ៍ក្នុងស្រុកលើកដំបូងដ៏ធំមួយ នៅកោះពេជ្រ ដើម្បីផ្សព្វផ្សាយពីផលិតផលទេសចរណ៍ និងចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុក ដែលកំពុងមានការកើនឡើងរៀងរាល់ឆ្នាំ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានស្តង់បង្ហាញផលិតផលទេសចរណ៍ប្រមាណ ១៥០ស្តង់។

លោក ថោង ខុន បានឱ្យដឹងថា ផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា មាសបៃតង បាននិងកំពុងបោះជំហានរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំរួមចំណែកប្រមាណ ១២ ភាគរយនៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលជាច្រើនម៉ឺននាក់បន្ថែមទៀត។

ជាក់ស្តែង នៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥,៦លាននាក់ ក្នុងកំណើន ១១,៨ភាគរយ បានរួមចំណែកប្រមាណ ១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងតំណាងឱ្យប្រមាណ ៣០ភាគរយ នៃវិស័យសេវាកម្មនៅកម្ពុជា។ ហើយក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ យើងទទួលបានទេសចរអន្តរជាតិប្រមាណ ២,៦លាននាក់ ក្នុងកំណើន ១៣,៥ភាគរយ។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦,២លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥០០០លានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណ ១លាននាក់ និងនៅឆ្នាំ២០៣០ ទេសចរអន្តរជាតិនឹងកើនដល់ ១៥លាននាក់ នឹងនាំចំណូលប្រមាណ ១០ពាន់លានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណ ២លាននាក់។

លោកបានបន្តថា សម្រាប់ទេសចរណ៍ក្នុងស្រុក កំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ (៦ភាគរយជាមធ្យម)។ ជាក់ស្តែង នៅឆ្នាំ២០១៥ ទេសចរក្នុងស្រុកមានចំនួនជាង ៩,៦លាននាក់ កើនដល់ជាង ១០លាននាក់ នៅឆ្នាំ២០១៦ និងជិត ១១លាននាក់ នៅឆ្នាំ២០១៧ ហើយជាចក្ខុវិស័យក្រសួងទេសចរណ៍រំពឹងថានឹងមានទេសចរប្រមាណ ១៩លាននាក់ នៅឆ្នាំ២០២៥។

សារសំខាន់នៃទេសចរណ៍ក្នុងស្រុករួមចំណែកក្នុងសេដ្ឋកិច្ចជាតិ និងសង្គម រួមមាន៖ ១) ខុសពីទេសចរណ៍អន្តរជាតិ ទេសចរណ៍ក្នុងស្រុកមិនសូវរងផលប៉ះពាល់ដោយសារវិបត្តិសាកល មិនថាជាវិបត្តិសេដ្ឋកិច្ច នយោបាយ ជំងឺឆ្លង ឬបញ្ហាគ្រោះធម្មជាតិ។ ២) រួមចំណែកក្នុងការអភិវឌ្ឍក្នុងតំបន់តាមរយៈការបែងចែកចំណូល និងផលចំណេញតាមមធ្យោបាយផ្សេងៗ ដោយការបន្ថែមគុណតម្លៃនៅតំបន់ទាំងនោះ។ ៣) ទេសចរណ៍ក្នុងស្រុកជាមធ្យោបាយដ៏ល្អឥតខ្ចោះមួយ ដែលជួយសម្រួលភាពតានតឹងសង្គម ដោយអនុញ្ញាតឱ្យប្រជាជនដែលមានចំណូលទាប ដែលមិនមានលទ្ធភាពអាចធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស អាចមានឱកាសធ្វើដំណើរលំហែកាយ និងសម្រាកតាមរមណីយដ្ឋាននានានៅក្នុងស្រុក។ ៤) ចលនាទេសចរណ៍ក្នុងស្រុកជាឧបករណ៍ធ្វើឱ្យតំបន់ទេសចរណ៍ថ្មីៗ ឬមិនសូវមានភាពល្បីល្បាញទទួលបានការចាប់អារម្មណ៍ និងដំណើរការទៅមុខសម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ ៥) ផ្អែកតាមទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច ទេសចរណ៍ក្នុងស្រុកអាចធ្វើរំលស់ចំណាយជាតិ លើវិស័យទេសចរណ៍អន្តរជាតិបាន។ តួយ៉ាងដូចជាការវិនិយោគលើសម្បទារូបវ័ន្ត មានការដឹកជញ្ជូន ស្នាក់នៅ អាហារជាដើម ក៏ដូចជាការវិនិយោគផ្នែកអរូបីដូចជាការបណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្ម។ ៦) ទេសចរណ៍ក្នុងស្រុកជាចលករយ៉ាងសំខាន់ សំដៅការការអប់រំប្រជាពលរដ្ឋឱ្យដឹងពីសក្តានុពល ចេះស្រលាញ់ទឹកដី នឹងជឿជាក់លើរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបន្ថែមថា ដើម្បីចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុក អនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍ ២០១២-២០២០ ឱ្យបានជោគជ័យ និងឆ្លើយតបតាមចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ដែលនឹងជំរុញឱ្យមានទេសចរក្នុងស្រុកប្រមាណ ១៩លាននាក់ ក្នុងឆ្នាំ២០២៥ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអនុវត្តការងារមួយចំនួន ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកបដោយគុណភាព និងចីរភាព រួមមានការដាក់ចេញការ អនុវត្តយន្តការពង្រឹងប្រព័ន្ធវាយតម្លៃ ចំណាត់ថ្នាក់សេវាស្នាក់នៅ ចលនាប្រឡងប្រណាំងទីក្រុងស្អាត ចលនាប្រឡងប្រណាំងរង្វាន់ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ ចលនាប្រឡងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូ ចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អជាដើម៕

   

អត្ថបទដែលជាប់ទាក់ទង