អូស្ត្រាលី សន្យានឹងបន្តជួយដល់កម្ពុជា លើវិស័យមីន ការបោសសម្អាតមីន និងការជួយដល់ជនរងគ្រោះ
ភ្នំពេញ៖ តាំងពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន អូស្ត្រាលី បានជួយដល់កម្ពុជា ប្រមាណជាង ១០០លានដុល្លារអូស្រ្ដាលីលើវិស័យការបោសសម្អាតមីន ហើយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានសន្យានឹងបន្តជួយដល់កម្ពុជាគ្រប់វិស័យ ជាពិសេសទៅលើវិស័យមីន រួមមានការបោសសម្អាតមីន និងការជួយដល់ជនរងគ្រោះ។
លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានជួបជាមួយ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដើម្បីសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩ នៅអាជ្ញាធរមីន។
លោកស្រីបានសម្ដែងនូវអំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបំពាក់មេដាយជូនដល់លោកស្រី និងបានមានប្រសាសន៍លើកឡើងពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន។ ជាមួយនេះ លោកស្រីបានសម្តែងនូវការសាទរយ៉ាងខ្លាំងជូន រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្លាស់ប្ដូររូបរាង ចេញផុតពីសង្រ្គាម និងបានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស។ លោកស្រី មានប្រសាសន៍ថា អូស្ត្រាលីរីករាយដែលបានចូលរួមក្នុងការងារអភិវឌ្ឍនៅកម្ពុជា និងសន្យាបន្តចូលរួមជាមួយកម្ពុជាជានិច្ច គ្រប់កាលៈទេសៈ និងគ្រប់វិស័យ ពិសេសគឺវិស័យសកម្មភាពមីន។
លោកស្រីបានមានប្រសាសន៍ថា កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការបោសសម្អាតមីន ដោយមានការដឹកនាំច្បាស់លាស់ និងផែនការយុទ្ធសាស្ត្រពិតប្រាកដ ហើយអូស្ត្រាលីនឹងជួយទៅលើការបោសសម្អាតមីន ជួយដល់ជនរងគ្រោះ និងការដឹកនាំសម្របសម្រួលជានិច្ចជាមួយកម្ពុជា។
ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងអំណរគុណដល់អូស្ត្រាលី ដែលជាដៃគូសហប្រតិបត្តិការ និងជាមិត្តភ័ក្ដិដ៏ល្អជាមួយកម្ពុជាគ្រប់វិស័យ។ លោកក៏បានលើកឡើងពីការចូលរួមសន្និសីទពិនិត្យឡើងវិញលើកទី៤ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នាពេលថ្មីៗនេះដែរ ដែលកម្ពុជាបានទទួលការកោតសរសើរ ពីសកម្មភាពបោសសម្អាតមីន និងទទួលបាននៅការគាំទ្រ យល់ព្រម សុំពន្យារពេលបោសសម្អាតមីនលើកទី២ ឆ្នាំ២០២០ -២០២៥។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យមីន តាំងពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្នអូស្ត្រាលី បានជួយដល់កម្ពុជាប្រមាណជាង ១០០លានដុល្លារអូស្រ្ដាលី៕