រដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់ការគាំទ្រនិងជំនួយជាបន្ត ដើម្បីជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា
ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដឹកនាំលោក FUJISAWA Hideaki នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលផ្តល់ការគាំទ្រនិងជំនួយជាបន្ត ដើម្បីជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ។
ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដឹកនាំលោក FUJISAWA Hideaki នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ផងដែរ។
លោក FUJISAWA Hideaki បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពី គ្រោងការណ៍នៃចក្ខុវិស័យ អភិវឌ្ឍន៍ឧស្សាហកម្មតំបន់មេគង្គ ២.០ (MIDV 2.0) ដែលត្រូវបានអនុម័តនៅឯកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនឆ្នាំនេះ។ គ្រោងការណ៍នេះអាចជួយសម្រួលដល់គម្រោងភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជាក្នុងនោះ រួមមាន៖ ការបង្កើតច្រកស្ទឹងបត់ថ្មីនៅប៉ោយប៉ែត និងការដោះស្រាយបញ្ហានៅជុំវិញព្រំដែនបាវិតផងដែរ។
លោកទេសរដ្ឋមន្រ្តីបានសម្តែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលផ្តល់ការគាំទ្រនិងជំនួយជាបន្តដើម្បីជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជានិងបានស្នើឱ្យភាគីជប៉ុនផ្តល់ការគាំទ្រ និងសហការជិតស្និទ្ធជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រីបានស្នើសុំឱ្យភាគីជប៉ុនផ្តល់ការគាំទ្រដល់ការធ្វើប្រសើរឡើង ដល់ចំណុចផ្លូវប្រសព្វរវាងផ្លូវដែលតភ្ជាប់ពីស្ពានស្ទឹងបត់មកកាន់ផ្លូវជាតិលេខ៥ (ស្ពានអាកាស) និងការ ពង្រីកផ្លូវជាតិលេខ១ទៅកាន់ព្រំដែនវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ ការដឹកជញ្ជូនទំនិញបានកាន់តែងាយស្រួល។
លោកទេសរដ្ឋមន្ត្រី ក៏បានសម្តែងការគាំទ្រផងដែរដល់គំនិតផ្តួចផ្តើម ដែលស្នើឡើងដោយភាគីជប៉ុន ទាក់ទងនឹងការបង្កើតគណៈកម្មាធិការរួមកម្ពុជា-ថៃ សម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មនៅតំបន់ ស្ពានស្ទឹងបត់ ដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកដាក់ទុនវិនិយោគ បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងជំរុញការនាំចេញបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះផងដែរដែរ លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនភាគីជប៉ុនអំពីការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យានៃបដិវត្តឧស្សាហកម្មជំនាន់ ៤.០ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយប្រសិទ្ធភាព តម្លាភាព ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត កម្មវិធីថែទាំផ្លូវROAD CARE Mobile App ។ល។ លើសពីនេះទៀតលោកទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីគម្រោងប្រើប្រាស់ Block Chain របស់ ក្រសួង ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ ក្នុងការបំពេញការងារ ៕