ជិះម៉ូតូ បុកគោ បណ្តាលឲ្យស្លាប់បុរសម្នាក់ ឯអ្នកដឹកគោបានគេចខ្លួនបាត់
ស្រុកស្អាង ៖ អធិការដ្ឋាននគរបាលស្រុកស្អាង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោ បណ្តាលឲ្យស្លាប់បុរសម្នាក់ ឯអ្នកដឹកគោបានគេចខ្លួនបាត់ ហើយករណីនេះ សមត្ថកិច្ចនគរបាលបានសន្និដ្ឋានថា ករណីនេះបង្កឡើងដោយអ្នកដឹកគោឆ្លងថ្នល់ និងអ្នកបើកបរម៉ូតូធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ។ ករណីនេះកើតហេតុនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង១៦:១០នាទី នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ករណីនេះបណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូ១នាក់ ភេទប្រុស និងខូចខាតម៉ូតូ១គ្រឿងធ្ងន់ ចំណែកសាកសព បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
នគរបាលស្រុកស្អាង បានបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា នៅថ្ងៃខែឆ្នាំម៉ោងកើតហេតុខាងលើ មានឈ្មោះ ញិល ខុំ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានបើកម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង(ព្រែកអំបិល-មកផ្សារស្អាងខាងជើង) ក្នុងល្បឿនលឿន ។
លុះពេលមកដល់ចំណុចកើតហេតុក៏មានឈ្មោះ ប៉ឹង ហាំ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានដឹកគោចំនួន៤ក្បាល មានមេនិងមានកូន ឆ្លងថ្នល់ពីលិចមកកើត ធ្វើឲ្យអ្នកបើកម៉ូតូគេចមិនផុតក៏បុកចំ កូនគោជំទង់ ពណ៌ ស (កូនគោនេះម្ចាស់យកខ្សែចងកដឹក) បណ្ដាលឲ្យដួលម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្ដង ក្រោយពេលកើតហេតុអ្នកដឹកគោបានគេចខ្លួនបាត់ ។
ចំណែកវត្ថុតាងម៉ូតូបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាន រីឯគោសមត្ថកិច្ចយើងបានធ្វើកិច្ចសន្យា ជាមួយម្ចាស់ឲ្យមើលថែជាបណ្ដោះអាសន្នសិន ៕