ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ ក្រោមប្រធានបទ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជាក្នុងយុគសម័យ ៤.០
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានប្រកាសថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២។ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុត សម្រាប់ការជួបជុំរបស់និពន្ធនាយក, ឬតំណាងស្ថាប័នសារព័ត៌មាននានា ក្នុងនាមជាអ្នកដឹកនាំវិស័យសារព័ត៌មាននៅកម្ពុជា។
លោកប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ ក្រោមប្រធានបទ ”ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជាក្នុងយុគសម័យ ៤.០”។
លោកបានថ្លែងថា ក្នុងគោលដៅលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន ក៏ដូចជាពង្រឹងស្ថាប័នសារព័ត៌មាននៅកម្ពុជាដើម្បីដើរឲ្យទាន់ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យ ៤.០, វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ ដែលជាវេទិកាប្រចាំឆ្នាំធំបំផុតរបស់ក្លិបអ្នកកាសែតកម្ពុជា បានលើកយកប្រធានបទ ”សារព័ត៌មានកម្ពុជាក្នុងយុគសម័យ ៤.០” មកពិភាក្សា។ ក្រោយពីបានជជែក និងពិភាក្សាគ្នាយ៉ាងផុលផុស វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ ២០១៩ ដែលមាននិពន្ធនាយក បណ្ណាធិការ ចាងហ្វាង ឬតំណាងសារព័ត៌មាន។
វេទិកានេះមានគោលដៅលើកយកបញ្ហាប្រឈមនានា របស់អ្នកសារព័ត៌មាន មកជជែកពិភាក្សា និងស្វែងរកដំណោះស្រាយ ដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាន នៅកម្ពុជា ក៏ដូចជាពង្រឹងអាជីពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានផងដែរ។
អ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ឆ្នាំនេះ គឺជាលើកទី១៦ ហើយដែលវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ត្រូវបានរៀប
ចំឡើងក្រោមប្រធានបទ” សារព័ត៌មានកម្ពុជាក្នុងយុគសម័យ៤.០ “។ និពន្ធនាយកឬតំណាងអ្នកដឹកនាំសារព័ត៌មាន រួមទាំងតំណាងក្លិប សមាគម ឬសហព័ន្ធសារព័ត៌មាននានានឹងចូលរួមជជែកពិភាក្សាអំពីឱកាស និងបញ្ហាប្រឈម របស់សារព័ត៌មានកម្ពុជា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីឆ្លើយតបនឹងសំណួរថា តើអ្នកសារព័ត៌មានខ្មែរត្រៀមខ្លួនហើយឬ
នៅក្នុងការចាប់យកឱកាស ក៏ដូចជាក្នុងការជម្នះបញ្ហាប្រឈមនានា ពេលដែលពិភពលោក
ឈានជើងចូលក្នុងយុគសម័យ ៤.០? ។
ការបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការបង្កើនជីវភាពនិងសមត្ថភាពរបស់អ្នកសារព័ត៌មាន ដើម្បីឲ្យស្របនឹងការរីកចម្រើន នៃបច្ចេកវិទ្យាសម័យទំនើបសុទ្ធសឹងជាបញ្ហា ដែលត្រូវដោះស្រាយ ដើម្បីពង្រឹងគុណភាពវិស័យសារព័ត៌មាននៅកម្ពុជា ក៏ដូចជាបើកលំហរសេរីភាពសារព័ត៌មាន ឲ្យកាន់តែទូលាយដោយទទួលបាននូវជំនឿ
ចិត្តកាន់តែខ្លាំងពីមហាជនមកលើសារព័ត៌មានអាជីព។
នៅចុងបញ្ចប់នៃវេទិកានេះ អ្នកចូលរួមទាំងអស់នឹងអនុម័តសេចក្តីប្រកាសរួមមួយ
ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់មេដឹកនាំសារព័ត៌មាន ក្នុងការពង្រឹងស្ថាប័ន ក៏ដូចជាគុណភាព
ធនធានមនុស្សរបស់ខ្លួន ឲ្យបានកាន់តែល្អប្រសើរ។ សេចក្តីប្រកាសរួមនេះ ក៏ជាការបញ្ជូនសារ
ទៅកាន់ភាគីពាក់ព័ន្ធនានាផងដែរ ដើម្បីឲ្យពួកគេចូលរួមសហការ និងផ្តល់ការគាំទ្រដល់អ្នក
សារព័ត៌មានក្នុងបុព្វហេតុលើកស្ទួយវិស័យសារព័ត៌មាននៅកម្ពុជា៕