ចាប់ខ្លួនជនសង្ស័យវៀតណាមម្នាក់ទៀត រួមនឹងគ្រឿងញៀនជិត ២គីឡូក្រាម
ភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៣) ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តការស៊ើបអង្កេតករណីកែច្នៃ ជួញដូរគ្រឿងញៀន កាលពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៩ ដោយសហការជាមួយកម្លាំងមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាប់ខ្លួនជនសង្ស័យវៀតណាមម្នាក់ទៀត រួមនឹងគ្រឿងញៀនជិត ២គីឡូក្រាម បន្ទាប់ពីចាប់ខ្លួនជនសង្ស័យវៀតណាម ៤នាក់ រួមនឹងគ្រឿងញៀន គ្រឿងញៀនជិត ១០០គីឡូក្រាម និងសារធាតុគីមីផ្សំ ជាង ២៨គីឡូក្រាម នៅរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ប្រុញ សាន បានឲ្យដឹងថា គោលដៅទី១៖ នៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បានឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ១៤ ផ្លូវលេខ៧ ក្នុងបូរីពិភពថ្មី ស្ថិតក្នុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដែលទីតាំងនេះមុខសញ្ញាឈ្មោះ NGUEYN TUAN THANH ជនជាតិវៀតណាម ភេទប្រុស កើតថ្ងៃទី០៩/០១/១៩៨៥ កាន់លិខិតឆ្លងដែនលេខ B5751778 អ្នកជួល ជាលទ្ធផល៖ ជនសង្ស័យបានគេចខ្លួនមុខពេលសមត្ថកិច្ចយើងទៅដល់ ប៉ុន្តែសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ កញ្ឆាក្រៀម ១កញ្ចប់ធំ រថយន្ត ១គ្រឿង ម៉ូតូ ចំនួន ២គ្រឿង ម៉ាស៊ីនរាប់លុយ ១គ្រឿង
ជញ្ជីងថ្លឹង ១គ្រឿង។
លោកឧត្តមសេនីយ៍ទោ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងទៀតថា គោលដៅទី២៖ នៅវេលាម៉ោង២០និង៥២នាទី ថ្ងៃដដែល សម្ថកិច្ចជំនាញបានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ាយ ហ្វានទៀនថាញ់ ( Mai Hoan Tien Thanh ) ភេទប្រុស ជនជាតិវៀតណាម គ្មានលិខិតសម្គាល់ខ្លួន នៅចំណុចផ្លូវលេខ៣០៤កែង ផ្លូវលេខ១៥៣ ស្ថិតក្នុងសង្កាត់ សង្កាត់អូឡាំពិក ខណ្ឌចំការរមន។
នៅវេលាម៉ោង២២និង០០នាទី សមត្ថកិច្ចបានបន្តទៅឆែកឆេរបន្ទប់លេខ៦០៨ នៃសណ្ឋាគារហ្វែរីឡេម ផ្លូវលេខ១២១ សង្កាត់បឹង ព្រលឹត ខណ្ឌ៧មករា ដែលឈ្មោះ ម៉ាយ ហ្វានទៀនថាញ់ ( Mai Hoan Tien Thanh ) ជួលស្នាក់នៅ ជាលទ្ធផលរកឃើញ ៖ សារធាតុញៀនប្រមាណជិត ២គីឡូក្រាម រួមមាន៖ ម្សៅម៉ត់ពណ៌ស សង្ស័យកេតាមីន ២កញ្ចប់។ ម្សៅក្រាមពណ៌សថ្លា សង្ស័យមេតំហ្វេតាមីន (ICE) ៤កញ្ចប់ ម្សៅក្រាមពណ៌ត្នោត សង្ស័យអ៊ិចស្តាស៊ី (MDMA) ១កញ្ចប់ធំ ថ្នាំគ្រាប់ចម្រុះពណ៌ ១ប្រអប់ និង៦កញ្ចប់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចបាននាំមកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរនបាលជាតិ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធីច្បាប់។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន “ក៣” សហការជាមួយនគរបាលមូលដ្ឋាន បានស្រាវជ្រាវ និងបើកប្រតិបត្តិការជាក់ស្តែងបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ដោយចាប់ជនជាតិវៀតណាមចំនួន ៤នាក់ (ស្រី២នាក់) រួមជាមួយថ្នាំញៀនប្រមាណ ១០គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត នៅចំណុចផ្ទះជួលគ្មានលេខ ក្រោយមន្ទីរពេទ្យរបេង ផ្លូវ១១៣ ក្រុម២៣ ភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៤នាក់រួមមាន៖ ទី១.ឈ្មោះ Nguyen Yuan Anh ភេទប្រុស ឆ្នាំកំណើត ១៧.៧.១៩៩៥ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង, ទី២.ឈ្មោះ Phuong Hoang Veit ភេទប្រុស ឆ្នាំកំណើត ២៧.៧.១៩៩៦ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង, ទី៣. ឈ្មោះ Nguyen Thi Thuy Ngoc ភេទស្រី ឆ្នាំកំណើត ៩.១០.១៩៨៨ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង, ទី៤. ឈ្មោះ Nguyen Thi Thuy Ngan ភេទស្រី ឆ្នាំកំណើត ១១.១០.១៩៩០ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។
ក្រោយការចាប់ខ្លួន និងក្រោយការសួរនាំ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលក្រោមការសម្របសម្រួលពីតំណាងអយ្យការ បាននាំជនសង្ស័យបន្តចុះឆែកឆេរទីតាំងកែច្នៃគ្រឿងញៀន ស្ថិតនៅផ្ទះលេខ១៦៨ ផ្លូវលេខ១១២ ភូមិរបោះអង្គាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយរកឃើញគ្រឿងមួយចំនួនធំ។
ជាលទ្ធផលសរុបទាំង ២ទីតាំង សមត្ថកិច្ចបានរកឃើញ គ្រឿងញៀនជិត ១០០គីឡូក្រាម និងសារធាតុគីមីផ្សំ ជាង ២៨គីឡូក្រាម ៕