ដុតបំផ្លាញផលិតផលក្លែងបន្លំម៉ាកសញ្ញា និងរំលោភកម្មសិទ្ធិបញ្ញា ទម្ងន់ ១០០តោន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ មានរៀបចំពិធីដុតបំផ្លាញផលិតផលក្លែង បន្លំម៉ាកសញ្ញានិង រំលោភកម្មសិទ្ធិបញ្ញា មានចំនួនទម្ងន់ប្រមាណ ១០០តោន ស្ថិតនៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញក្រោម អធិបតីភាពពីលោក តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោកឧត្តមសេនីយ៍ ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា កន្លងមកកម្លាំងនាយកដ្ឋានរបស់លោក បានធ្វើការដុតបំផ្លាញចោលនូវវត្ថុចាប់យកក្លែងក្លាយ៣២លើកមកហើយ។ ដោយឡែក ទំនិញដែលដុតបំផ្លាញនៅថ្ងៃនេះ មាន១២មុខ រួមមាន៖ សំបកកញ្ចប់បារីគ្រប់ប្រភេទ, សំបកសុងបារីចម្រុះ, បារីចម្រុះម៉ាក, សសៃថ្នាំជក់, ឧបករណ៍សម្ភារបម្រើឲ្យការផលិតបារី, ផលិតផលគ្រឿងសំអាង, ឧបករណ៍សម្ភារបម្រើឲ្យការផលិតគ្រឿងសំអាង ផលិតផលធូប និងធូបមូសសរុបប្រមាណ ជាង១០០តោន។
លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានសូមសំណូមពរដល់អង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត និងសំណូមពរប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងផលិតផលផ្សេងៗ ដែលខុសច្បាប់ដើម្បីចូលរួមទប់ស្កាត់ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ។
លោក តេង សាវង្ស បានថ្លែងថា គោលដៅដែលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការបង្ក្រាបនេះ គឺជាទីតាំងលួចលាក់ផលិត ដែលមិនមានអាជ្ញាប័ណ្ណ ឬទិដ្ឋាការពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងពីក្រសួងសុខាភិបាលនោះទេ ហើយផលិតផលដែលលួចលាក់ផលិតនោះគឺជាផលិតផលដែលពុំមានការត្រួតពិនិត្យត្រឹមត្រូវ និងបានក្លែងបន្លំម៉ាកសញ្ញារបស់ក្រុមហ៊ុន ដែលមានសិទ្ធិស្របច្បាប់ទៀតផង។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះបណ្តាក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋ ដែលបានផ្តល់របាយការណ៍ ព័ត៌មាន អំពីទីតាំងអំពីមុខសញ្ញា គោលដៅផលិត និងគោលដៅដែលឈ្មួញបានលក់ចែកចាយ នូវផលិតផលខុសច្បាប់ ឲ្យដល់សមត្ថកិច្ចបង្កលក្ខណៈងាយស្រួល ដល់កិច្ចប្រតិបត្តិការក្នុងការបង្ក្រាបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ហើយសង្ឃឹមថា សកម្មភាពនេះនឹងបន្តដូចភ្លៀងរលឹម ដើម្បីឈានទៅលុបបំបាត់នូវអំពើល្មើសច្បាប់ ដែលជាហានិភ័យប៉ះពាល់ដល់សុខភាព អាយុជីវិត របស់ប្រជាពលរដ្ឋ និងរួមចំណែកសកម្មភាព ជាមួយបណ្តាប្រទេស ក្នុងការជីកឬសរបស់ពួកឧក្រិដ្ឋជន ដើម្បីស្ថិរភាព និងសន្តិសុខសកល៕