វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវ:ចម្រុះ
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវ:ចម្រុះ។
យោងតាមសារាចរណែនាំលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការចាត់វិធានការថែរក្សាទឹកទុក ដែលតាមការព្យាករ ក៏ដូចជាស្ថានភាពជាក់ស្តែងបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ (El Nino) ដោយបានបង្កឱ្យមានកត្តាអវិជ្ជមានជាច្រើនដូចជា៖ ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមាន
ភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសទឹកជំនន់មានតែមួយលើកហើយបន្ទាប់មកក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយ ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។
តាមការកត់សម្គាល់របស់ក្រសួងបរិស្ថាន បញ្ហាភ្លើងឆេះព្រៃតែងតែកើតមាននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនានា របស់ប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសក្នុងរដូវប្រាំង។
កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍៖ ការកាប់ឆ្ការដុតវានព្រៃធ្វើ
ជាកម្មសិទ្ធិដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការតាំងទីលំនៅថ្មីៗ និងការដុតព្រៃដើម្បីចាប់សត្វព្រៃ និងការធ្វេសប្រហែសរបស់មនុស្ស។ល។
ដើម្បីបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្រសួងបរិស្ថាន សូមធ្វើសេចក្តីណែនាំដល់អង្គភាពជំនាញរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ច រួមទាំងប្រជាសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យអនុវត្តវិធានការដូចខាងក្រោម៖
១- អប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីការប្រើប្រាស់ភ្លើងជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការដុតរស្មៅ និងព្រៃស្ទាក់ចាប់សត្វ និងការប្រមូលផល អនុផលព្រៃឈើ។ល។
២- ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាល
ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅក្នុង និង
ជុំវិញតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។
៣- ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ កម្ទេចកម្ទីផ្សេងៗ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។
៤- រៀបចំធ្វើផ្លូវភ្លើង ដើម្បីការពារការឆេះរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត។
៥- មន្ទីរបរិស្ថានរាជធានី-ខេត្ត ត្រូវណែនាំអ្នកពាក់ព័ន្ធ អនុវត្តវិធានការបច្ចេកទេសសមស្រប ដែល
អាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ ដោយត្រូវពន្លត់ភ្លើងឱ្យអស់ជាចាំបាច់មុនពេលចាកចេញពីទីតាំងប្រើប្រាស់ភ្លើងនោះ។
៦- មន្ទីរបរិស្ថានរាជធានី-ខេត្ត និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងប្រើប្រាស់ក្នុងករណីមានភ្លើងឆេះព្រៃជាយថាហេតុ។
៧- ក្នុងករណីកើតមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ សូមសមត្ថកិច្ចពាក់ព័ន្ធប្រញាប់ចាត់វិធានការទប់ស្កាត់
ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន ដោយស្នើឱ្យគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដឹកនាំបញ្ជាផ្ទាល់
ក្នុងការប្រើប្រាស់កម្លាំងចម្រុះរួមមាន ប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅក្នុងមូលដ្ឋាននោះ រួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងឆេះព្រៃឱ្យមានប្រសិទ្ធភាព។
៨- ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីព្រៃឈើ និងព្រៃលិចទឹកដែលឆេះរួច ដើម្បីទុកលទ្ធភាពឱ្យរុក្ខជាតិដុះលូតលាស់ឡើងវិញតាមលក្ខណៈធម្មជាតិ ឬដាំស្តារឡើងវិញ។
អនុលោមតាមមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិបានចែងថា ការបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំ (៥) ដល់ដប់ (១០)ឆ្នាំ និងផាកពិន័យជាប្រាក់ពីដប់ប្រាំលាន (១៥.០០០.០០០)រៀល ដល់មួយរយហាសិបលាន(១៥០.០០០.០០)រៀល។
ក្រសួងបរិស្ថាន មានជំនឿ និងទំនុកចិត្តចំពោះគ្រប់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ប្រជាសហគមន៍ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់បានយល់ច្បាស់ពីករណីយកិច្ចក្នុងការការពារ ទប់ស្កាត់ និងបង្ការភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយនឹងមន្ទីរបរិស្ថានរាជធានី-ខេត្តអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕