បង្ក្រាបអ្នកលេងល្បែងស៊ីសង ជល់មាន់បាន២ករណី និងដកហូតវត្ថុតាងរថយន្ត ម៉ូតូ មាន់ជល់ មួយចំនួន
កំពង់ចាម៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ស្នងការ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងស្រុកជើងព្រៃ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីលេងល្បែងស៊ីសងប្រជល់មាន់បាន០២ករណី និងដកហូតវត្ថុតាងរថយន្ត ម៉ូតូ មាន់ជល់ មួយចំនួន ចំណែកឯអ្នកលេងជល់មាន់ បានរត់គេចខ្លួនបាត់អស់ បន្សល់ទុករថយន្ត និងម៉ូតូនៅសង្វៀនមាន់ជល់។
ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានចុះប្រតិបត្តិការ បង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់ភ្នាល់ដាក់លុយ)។
ករណីទី១ ដឹកនាំដោយលោក វរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបួន បើកកិច្ចប្រតិបត្តិការបង្ក្រាបបានករណីលួចលេងល្បែងស៊ីសងប្រជល់មាន់ភ្នាល់ដាក់លុយ នៅចំណុចក្នុងព្រៃ ស្ថិតក្រោយភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅពេលសមត្ថកិច្ចយើងចុះទៅដល់ ក្រុមញៀនល្បែងក៏បានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកវត្ថុតាងរួមមាន រថយន្ដ Highlander ចំនួន ១គ្រឿង ម៉ូតូសរុបចំនួន២១គ្រឿង មាន់ជល់ចំនួន២ក្បាល និងសម្ភារៈមួយចំនួនផ្សេងទៀត។
ករណីទី២ ដឹកនាំដោយលោកវរសេនីយ៍ឯក ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ ចុះបង្ក្រាប់ទីតាំងលួចលេងល្បែងស៊ីសងប្រជល់មាន់ ភ្នាល់ដាក់លុយ នៅចំណុចព្រៃកប់ខ្មោច ស្ថិតនៅភូមិបឹងជ្រោយ ឃុំសូរទិព្វ ស្រុកជើងព្រៃ ដោយស្ថានភាពផ្លូវឆ្ងាយពីភូមិ ផ្លូវក៏លំបាក ពេលសមត្ថកិច្ចយើងទៅដល់ ក្រុមញៀនល្បែងទាំងនោះក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាងមួយចំនួន រួមមាន ម៉ូតូចំនួន២៧គ្រឿង មាន់ជល់ចំនួន០២ក្បាល និងសម្ភារៈមួយចំនួនទៀតផងដែរ។
ចំពោះករណីទាំងពីរនេះ សមត្ថកិច្ចយើងបានដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវ និងបន្តនីតិវិធីតាមផ្លូវច្បាប់៕