ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

U22 ​វៀតណាម យកឈ្នះ កម្ពុជា ៤-០

279


ជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (SEA Games) លើក​ទី​៣០ ក្រុម​ជម្រើសជាតិ U22 កម្ពុជា និង​ក្រុម U22 វៀតណាម​ក្នុង​លទ្ធផល ៤-០ នៅ​រាត្រី​ថ្ងៃទី​៧​ធ្នូ​នេះ នៅ​កីឡដ្ឋាន Rizal Memorial នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​

ក្រុម U22 វៀតណាម បាន​ស៊ុត​ចុ​ល​បំប៉ោង​សំណាញ់​ក្រុម​កម្ពុជា ៣​គ្រាប់ នៅ​តង់​ទី​១​។ ក្រុម U22 កម្ពុជា បាន​ព្យាយាម​វាយបក​វិញ​ដែរ​តែ​មិនអាច​រក​គ្រាប់​បាល់​បានឡើយ​។ ចូលដល់​តង់​ទី​២ ក្រុម​វៀតណាម​បាន​បន្ថែម ១​គ្រាប់​ទៀត ដើម្បី​ទទួលបាន​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្ដង​។​

​ប៉ុន្ដែ​ទោះ​អស់​ឱកាស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក៏ពិតមែន តែ​ក្រុម​កម្ពុជា នៅសល់​មួយ​ប្រកួត​ទៀត ដើម្បី​ដណ្ដើម​មេដាយ​សំរឹទ្ធ ដោយ​ត្រូវ​ជួប U22 មី​យ៉ាន់​ម៉ា​នា​ថ្ងៃទី​១០ ខែធ្នូ​ខាងមុខ បន្ទាប់ពី​មី​យ៉ាន់​ម៉ា ចាញ់​ក្រុម U22 ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ៤-២ ក្នុងការ​ប្រកួត​រយៈពេល ១២០​នាទី​ល្ងាច​មិញ ក្រោយ​ប្រកួត ៩០​នាទី​ស្មើគ្នា ២-២​។​

​ជំនួប​ដណ្ដើម​មេដាយមាស គឺ​ក្រុម U22 វៀតណាម ត្រូវ​ជួប​អតីត​ក្រុម​ម្ចាស់​មេដាយមាស ២​សម័យ ឥណ្ឌូណេស៊ី នា​យប់​ថ្ងៃទី​១០ ខែធ្នូ​។ ក្រុម​ទាំងពីរ​នេះ ធ្លាប់បាន​ជួបគ្នា​ក្នុង​ពូ​ល​ម្ដង​រួចមកហើយ ដោយ​វៀតណាម បាន​យកឈ្នះ​ឥណ្ឌូនេស៊ី ២-១​។ រីឯ​កម្ពុជា និង​មី​យ៉ាន់​ម៉ា ក៏​ធ្លាប់​ជួបគ្នា​ពូ​ល​ម្ដង​រួច​ដែរ ដែល​លទ្ធផល​កម្ពុជា ចាញ់​មី​យ៉ាន់​ម៉ា ២-១ ៕​


អត្ថបទដែលជាប់ទាក់ទង