បុរសម្នាក់ត្រូវបាននាំខ្លួនមកសាកសួរ ករណីប្រើអំពើហឹង្សាបណ្តាលឲ្យរបួសស្នាម និងរំលោភសេពសន្ថវៈ
ក្រុងព្រះសីហនុ៖ អធិការនគរបាលក្រុងព្រះសីហនុថ្លែងថា បុរសម្នាក់ត្រូវបាននាំខ្លួន យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង តាមបណ្តឹងរបស់គ្រួសារក្មេងស្រីវ័យ១៦ឆ្នាំម្នាក់ ដែលប្តឹងបុរសជនសង្ស័យថា ប្រើអំពើហឹង្សាមកលើកូនស្រីគាត់ បណ្តាលឲ្យមានស្នាមរបួសលើដងខ្លួន ។
បើទោះជានៅក្នុងបណ្តឹងដែលដាក់ប្តឹងទៅប៉ូលីសថា ជាករណីប្រើហឹង្សាយ៉ាងណាក្តី ប៉ុន្តែតាមប្រភពខ្លះថា ករណីនេះក៏មានការចោទប្រកាន់បន្ថែម ពីខាងគ្រួសារក្មេងស្រីរូបនោះ ទៅលើបុរសជនសង្ស័យថាជាប់ពាក់ព័ន្ធនឹងការរំលោភសេពសន្ថវៈទៅលើក្មេងស្រីរូបនេះមួយលើកជាពីរលើក ដោយការគំរាម និងមានប្រើអំពើហឹង្សាផងដែរ។
ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចអូរ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងនោះជនសង្ស័យដែលនគរបាលឃាត់ខ្លួនឈ្មោះ សុភត្រា មុខរបរលក់ដូរ ។ ចំណែកក្មេងស្រីឈ្មោះ ច.ស.ន អាយុ ១៦ឆ្នាំ ស្រុកកំណើត ខេត្តបាត់ដំបង មករស់នៅក្រុងព្រះសីហនុធ្វើការងារនៅកាស៊ីណូ។
ទោះជាយ៉ាងនេះក្តី បើតាមលោកអធិការនគរបាលក្រុងព្រះសីហនុ ប្រាប់បណ្តាញផ្សព្វផ្សាយ នៅថ្ងៃ៧ធ្នូ២០១៩ថា សំណុំរឿងនេះ នគរបាលកំពុងស្រាវជ្រាវបន្ត ដើម្បីរកយុត្តិធម៌ជូនគូភាគីថា តើក្មេងស្រីរងគ្រោះពិតជាត្រូវបាន បុរសជនសង្ស័យរំលោភ និងធ្វើទារុណកម្មមែនឬយ៉ាងណា៕