ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាធំ២ ដែលសិស្សានុសិស្សចូលរួមទប់ស្កាត់ នោះ គឺគ្រោះថ្នាក់ចរាចរណ៍​ និងបញ្ហាគ្រឿងញៀន

113
ខេត្តកំពង់ចាម៖ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃនោះ លោក​ គួច​ ចំរើន​ គណៈអភិបាលខេត្តកំពង់ចាម​ បានលើកឡើងនូវបញ្ហាធំ២ ដែលសិស្សានុសិស្សចូលរួមទប់ស្កាត់ នោះគឺ បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ និងបញ្ហាគ្រឿងញៀន។
    ការលើកឡើងនូវបញ្ហានេះរបស់លោក​ គួច​ ចំរើនបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ខែកក្តដាឆ្នាំ២០១៨ ក្នុងពិធីផ្សព្វផ្សាយមួយនៅបឋមសិក្សា​ និងវិទ្យាល័យដីដុះ ក្រុងកំពង់ចាម​។
   លោក​ គួច​ ចំរើន​ អភិបាល​ខេត្តកំពង់ចាម ​ បានថ្លែងប្រាប់ទៅសិស្សានុសិស្សនៃបឋមសិក្សា-វិទ្យាល័យដីដុះនោះថា ក្នុងនាមជាសិស្សសាលាត្រូវគិតលើបញ្ហា២ដ៍ធំ​ គឺមាន​ គ្រោះថ្នាក់ចរាចរណ៍​ នឹងបញ្ហាគ្រឿងញៀន​ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃ យើងត្រូវផ្សព្វផ្សាយបន្ត​ ត្រូវប្រុងប្រយ័ត្នដោយគោរពច្បាប់ចរាចរណ៍​ត្រូវពាក់មួកសុវត្ថិភាព​ ចេះអធ្យាស្រ័យគ្នា​ ចេះយោគយល់គ្នា​ កុំប្រើប្រាស់គ្រឿងញៀន​ កុំសេពគ្រឿងស្រវឹងជាដើមក្នុងពេលកំពុងបើកបរ​ ដើម្បីបញ្ជៀសនូវ​គ្រោះថ្នាក់ក្នុងការបើកបរ ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាជីវិតដល់ពលរដ្ឋដោយកុំខឹងនឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍​ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​នៅលើដងផ្លូវ។ បញ្ហាជាពិសេសប្រចាំថ្ងៃនោះគឺបញ្ហាសម្រាមត្រូវធ្វើការគ្រប់គ្រងអោយបានត្រឹមត្រូវ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសម្រួលចរាចរណ៍កុំឲ្យកក់ស្ទះនៅលើដងផ្លូវផងដែរ។
  លោកអភិបាលខេត្តបន្តថា យុវជនគឺជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិដើម្បីអភិវឌ្ឍន៍កសាងប្រទេសឲ្យមានភាពរុងរឿងរីកចម្រើនជាបន្តបន្ទាប់ទៀត​ ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន​ ត្រូវយល់ដឹងនូវផលប៉ះពាល់ដោយខ្លួនឯងនិងសង្គមជាតិផងដែរ។
   ក្នុងឱកាសនោះដែរ លោក​ គួច​ ចំរើន​ ក៏បានស្នើដល់លោកគ្រូអ្នកគ្រូត្រូវធ្វើការណែនាំលើបញ្ហាអសកម្មដែលកើតមានឡើងលើបញ្ហាគ្រោះថ្នាក់​ នឹងបញ្ហាគ្រឿងញៀនក្នុងពេលគោរពទង់​ទាំងនៅបឋមសិក្សា​ និងវិទ្យាល័យ ជម្រុញដល់សិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង​ សង្គមគ្រួសារនឹងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង