ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧១ ក្នុងឆ្នាំនេះ មានការរិតត្បិត
ភ្នំពេញ៖ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (“ម.ស.ម.ក”) បានប្រកាសថា នៅថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ មានការប្រារព្ធទិវាសិទ្ធិមនុស្ស នៅទូទាំងពិភពលោក ដើម្បីរំឭកដល់ការអនុម័តសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញ នៅឆ្នាំនេះ គេឃើញមានចំណាត់ការមួយចំនួន ក្នុងការមិនអនុញ្ញាតឲ្យមានការប្រារព្ធពិធីនានា និងមានការរឹតត្បិតលើការអនុវត្តសិទ្ធិមនុស្សដោយសន្តិវិធី។
មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានលើកឡើងថា “យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តាលើកទឹកចិត្តឱ្យមានការប្រារព្ធទិវាសិទ្ធិមនុស្ស និងទទួលស្គាល់អត្ថប្រយោជន៍ នៃសិទ្ធិមនុស្ស ទៅលើសង្គមទាំងមូល។ យើងខ្ញុំសូមស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់នូវសកម្មភាពទាំងឡាយណា ដែលមិនសមស្រប និងបញ្ឈប់ការកំណត់មុខសញ្ញា ទៅលើអ្នកការពារសិទ្ធិមនុស្ស ដែលពុះពារគ្រប់យ៉ាង ដើម្បីទាមទារឱ្យមានកិច្ចការពារសិទ្ធិមនុស្សគ្រប់រូប”។
នៅថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៩ បណ្តាញអង្គការសង្គមស៊ីវិល បានប្រារព្ធទិវា សិទ្ធិមនុស្សអន្តរជាតិនៅទីលានប្រជាធិបតេយ្យថ្មី ដោយមានអ្នកចូលរួមចំនួន ២០០០នាក់។
ទិវាសិទិ្ធមនុស្សឆ្នាំ២០១៩នេះ អង្គការសហប្រជាជាតិ បានផ្ដោតសំខាន់ទៅលើតួនាទីរបស់យុវជន និងការចូលរួមរបស់ពួកគេនៅក្នុងចលនាសង្គម សម្រាប់ការផ្លាស់ប្ដូរបែបវិជ្ជមានផ្នែកសិទ្ធិមនុស្ស៕