ក្រសួងការពារជាតិ រៀបចំផែនការណ៍ ជួយសង្គ្រោះប្រជាជន ពីគ្រោះមហន្តរាយទឹកជំនន់
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ លោក នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈ ទាំងកម្លាំង ឧបករណ៍ សម្ភារៈ និងមធ្យោបាយផ្សេងៗទៀត ដើម្បីចុះជួយប្រជាជនឲ្យទាន់ពេលវេលាពីការគម្រាមកំហែងដោយគ្រោះមហន្តរាយទឹកជំនន់។
នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមផងដែរ ពីបណ្តាកងអង្គភាពទ័ពជើងគោក ទ័ពជើងទឹក ទ័ពជើងអាកាស អង្គភាពការងារធានាភស្តុភាហិរញ្ញវត្ថុ និងអង្គភាពជំនាញវិស្វកម្ម ព្រមទាំងបណ្តាអង្គភាពជំនាញកងពលតូចលេខ៧០ កងពលតូចពិសេស៩១១ កងរាជអាវុធហត្ថ និងកងពលដឹកជញ្ជូនលេខ៩៩។ល។
លោក ម៉ឹង សំផន បានលើកឡើងក្នុងកិច្ចប្រជុំនោះថា៖ គ្រប់បណ្តាអង្គភាពកម្លាំងជំនាញទាំងអស់ត្រូវត្រៀមលក្ខណៈទាំងកម្លាំង ឧបករណ៍ សម្ភារៈរួមមាន ឧទ្ធម្ភាគចក្រ នាវា អូប៊័រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត ដើម្បីប្រតិបត្តិការជួយសង្គ្រោះប្រជាជនអោយទាន់ពេលវេលា នៅពេលដែលគ្រោះមហន្តរាយទឹកជំនន់កើតឡើងជាយថាហេតុ។ លោក ម៉ឹង សំផនបានបន្តទៀតថា៖ តាមបណ្តាអង្គភាពពាក់ព័ន្ធការងារសង្គ្រោះត្រូវពិនិត្យឧបករណ៍ សម្ភារៈប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងត្រូវបែងចែកកម្លាំងជាអចិន្រៃ្តនៅតាមតំបន់មួយចំនួន ដែលងាយរងគ្រោះពីការជន់លិច ក្នុងការតាមដាន និងពិនិត្យ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចុះជួយសង្រ្គោះប្រជាជនអោយបានទាន់ពេលវេលា នៅពេលមានទឹកជំនន់កើតឡើង ៕