ក្រុមកីឡាករបាល់ទាត់កម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ក្នុងរយៈពេល៦០ឆ្នាំ
ស៊ីហ្គេម៖ កម្ពុជាប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ា ដោយបាល់១១ម៉ែត្រកាត់សេចក្តី ៤ទល់៥ ក្រោយក្រុមទាំងពីររក្សាលទ្ធផលស្មើគ្នា ២ទល់២។ ដូច្នេះក្រុមមីយ៉ាន់ម៉ាដណ្តើមបានមេដាយសំរឹទ្ធ។ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្រុមកីឡាករបាល់ទាត់កម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដែលមិនធ្លាប់មានជាច្រើនឆ្នាំក្នុងប្រវត្តិសាស្ត្រ។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ រកគ្រាប់បាល់តាមស្មើ ២ទល់២ ដោយកីឡាករ កែវ សុខផេង ដែលជាបង្កើតឱកាស បានឈានដល់ការកាត់សេចក្តី ដោយការទាត់បាល់១១ម៉ែត្រ។ បើទោះបីជាកម្ពុជារបូតមេដាយសំរឹទ្ធពីក្នុងដៃ ក្រោយប្រកួតចាញ់ ក្នុងលទ្ធផល ៤ទល់៥ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ក៏ដោយ ប៉ុន្តែកម្ពុជាលើប្រភេទកីឡាបាល់ទាត់ បានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រស៊ីហ្គេម ក្នុងរយៈពេល៦០ឆ្នាំ ដែលបានឡើងមកប្រកួតដណ្តើមមេដាយនៅវគ្គនេះ។ ប្រជាពលរដ្ឋខ្មែរបានសម្តែងការស្ញើចសរសើរ និងលើកទឹកចិត្តជូនដល់កីឡាករបាល់ទាត់ ក៏ដូចជាប្រតិភូកីឡាកម្ពុជាទាំងមូល ដែលបានខិតខំអស់ពីសមត្ថភាព ដើម្បីប្រជែងបានលទ្ធផលដ៏គាប់ប្រសើរយកទៅជូនជាតិ។
ទន្ទឹមនឹងនេះដែរ ក្រោយពីបញ្ចប់ការប្រកួត លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងត្រូវជាកូនសម្តេចតេជោ ហ៊ុន សែន ក៏បានមានជាប្រសាសន៍ថា “អរគុណអ្នកទាំងអស់គ្នា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំតែងតែនៅជាមួយអ្នកទាំងអស់គ្នា នៅជាមួយកម្ពុជា និងជឿជាក់លើកម្ពុជាជានិច្ច។ ប្រជាជនកម្ពុជាបានធ្វើជាសាក្សី និងបានមើលឃើញយ៉ាងច្បាស់ថា ក្រុមកីឡាករបាល់ទាត់កម្ពុជារបស់យើង បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដែលមិនធ្លាប់មានជាច្រើនឆ្នាំក្នុងប្រវត្តិសាស្ត្រ។ ការខិតខំប្រឹងប្រែងទាំងអស់នេះ គឺជាគំរូ និងជាមោទនភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។ GoGoCambodia”៕