ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្រាវជ្រាវបង្ហាញពីទម្រង់ព្រះរាជកាយវិការពិត របស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ក្នុងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ

78

 

មានចម្ងល់ជាយូរមកហើយទាក់ទង នឹងទម្រង់ព្រះរាជកាយវិការពិត របស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានព្រះរាជកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់ តាមរយៈការសន្និដ្ឋានរបស់មតិនីមួយៗនៅឡើយ។

ទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក​ ជាវ​ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់លើកដៃប្រណម្យត្រឹមដើមទ្រូង។

ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើន ទាក់ទងនឹងការសិក្សាស្រាវជ្រាវ ទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយ ត្រង់ចំណុចដែលតភ្ជាប់គ្នា។

ការរកឃើញនេះ ជាលទ្ធផលស្រាវជ្រាវថ្មីមួយដែលកើត ចេញពីកិច្ចសហប្រតិបត្តិការរួមគ្នា រវាងអ្នកជំនាញបារាំងនិងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺ នូវចម្ងល់និងភាពប្រទាំងប្រទើសគ្នា លើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាបាន៕

អត្ថបទដែលជាប់ទាក់ទង