អាជ្ញាធររាជធានីខិតខំប្រឹងប្រែងការពារជូនគណបក្សនយោបាយទាំង២០ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយមិនរើសអើង
ភ្នំពេញ៖ លោកឃួង សេ្រង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែងការពារ គ្រប់គណបក្សនយោបាយទាំង២០ក្នុងការប្រកួតប្រជែងយុទ្ធនាការឃោសនាបោះឆ្នោតនេះ ដោយមិនរើសអើងឡើយ។
ការបញ្ជាក់ពីការខិតខំប្រឹងប្រែងនេះ របស់លោកឃួង ស្រេង បានធ្វើឡើង ខណៈដែលលោកដឹកនាំអាជ្ញាធរខណ្ឌនិងមន្ទីរពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពទឹកលិចនៅក្នុងភូមិដ្ឋានមួយចំនួន នៃអាណាចក្រខណ្ឌពោធិសែន ជ័យ កាលពីថ្ងៃទី២០ កក្កដា ២០១៨។
លោកអភិបាលបានបន្តថា រយៈពេលជាង១០ថ្ងៃហើយ ដែលអាជ្ញាធរាជធានីភ្នំពេញ បានការពារសន្តិសុខសុវត្ថិភាពសម្រាប់គណបក្សនយោបាយទាំង២០ ក៏ដូចជាប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។ នៅក្នុងនោះយើងបានត្រៀមលក្ខណៈរួមជាស្រេច ប្រសិនបើគណបក្សនយោបាយស្នើសុំមកកងកម្លាំងប៉ូលិស ធ្វើការបើកផ្លូវសម្រាប់ហែក្បូនឃោសនានោះ អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការផ្តល់ម៉ូតូ ឬរថយន្តស៊ឺរ៉ែនជូនផងដែរ។ ប៉ុន្តែនាពេលកន្លងមកនេះ អត់ទាន់ឃើញមានគណបក្សនយោបាយណាមួយ ត្រូវការ ម៉ូតូ ឬរថយន្តស៊ឺរ៉ែនសម្រាប់ហែក្បូនទេ ។ ប៉ុន្តែអាជ្ញាធរមានកងកម្លាំង ជាពិសេស ម៉ូតូប៉ូលិសសម្រាប់បើកផ្លូវហែក្បូនទោះបីជាពួកគាត់សុំ ឬមិនសុំក្តី ហើយកងកម្លាំងត្រូវតែការពារតាមដងផ្លូវដែលពួកគាត់ហែក្បូន បានល្អប្រសើរ ។ កុំឲ្យមានការលើកឡើងថា អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចយើង មានការរើសអើង ។ ពិតក្នុងនាមអាជ្ញាធរ យើងមិនដែលរើសអើងអ្វីនោះទេ យើងមានការប្រុងប្រយ័ត្ន ដោយទី១ យើងដាក់កម្លាំងការពារ ប៉ុន្តែកងកម្លាំងនេះមិនអនុញ្ញាតឲ្យទៅជិតពួកគាត់ទេ ព្រោះកាលណាទៅជិត ខ្លាចមានបញ្ហាអ្វីមួយកើតឡើងថា អាជ្ញាធរដែនដីក៏ដូចជាកងកម្លាំងសមត្ថកិច្ចមានការគំរាមកំហែងទៅលើ គណបក្សនយោបាយ។ដូច្នេះហើយបានជាយើងអត់ហ៊ានទៅជិតពួកគាត់ពេលកំពុងហែក្បូន ។ ប៉ុន្តែនៅពេលដែលគណបក្សនយោបាយសុំកងកម្លាំងអន្តរាគមន៍ យើងនឹងផ្តល់ជូនភ្លាមៗ ដោយរាប់ទាំងផ្នែកសុខាភិបាលផងដែរ ដោយយើងបានដាក់នៅតាមដងផ្លូវ ពោលគឺ ប្រសិនបើពួកគាត់ ជួបនូវឧប្បតិ្តហេតុផ្សេងៗ ឬក៏ប្រជាពលរដ្ឋដែលចូលដង្ហែក្បូនមានបញ្ហាសុខភាព យើងអាចជួយសង្រ្គោះពួកគាត់បានភ្លាមៗ ដោយមិនមានការ
រើសអើងឡើយទោះបីបក្សណាក៏ដោយ ។
លោកអភិបាល ក៏បានធ្វើការអំពាវនាវដល់បងប្អូន
ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាអ្នកសារព័ត៌មានជាតិ អន្តរជាតិ ត្រូវយល់អោយបានជ្រួតជ្រាបថា អាជ្ញាធររាជធានីភ្នំពេញ មិនមានការរើសអើង ជុំវិញការហែក្បូនរបស់គណបក្សនយោបាយនោះឡើយ៕