ឃាត់ខ្លួន ២នាក់ រឹបអូសគ្រឿងជិត៨គីឡូក្រាម
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាកម្លាំង ជំនាញមួយក្រុម ចុះស្រាវជ្រាវនិងបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីថៃមកកម្ពុជា (ឆ្លងកាត់តាមច្រកព្រំដែនអូស្មាច់) ដោយបានឃាត់ខ្លួន ២នាក់ រឹបអូសគ្រឿងជិត៨គីឡូក្រាម។
បើតាមការផ្សព្វផ្សាយលើផេកហ្វេសប៊ុក Anti-Drug Department បានឲ្យដឹងថា អនុវត្តតាមបញ្ជា លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និង លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាកម្លាំង ជំនាញមួយក្រុម ចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន នៅភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដឹកនាំផ្ទាល់ដោយ លោក វរសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
លុះនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៥និង១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន(ក៩) បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ពីថៃមកកម្ពុជា (ឆ្លងកាត់តាមច្រកព្រំដែនអូស្មាច់) ដោយមានការចូលពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ នៅចំណុច ផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិអូរពក ឃុំកូនក្រៀល ក្រុងសំរោងខេត្ត ឧត្ដរមានជ័យ ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យ ០២នាក់មានឈ្មោះដូចខាងក្រោម ៖ឈ្មោះ ប្រាក់ ស៊ុប ភេទប្រុស ជនជាតិថៃ កើតថ្ងទី២០/១០/១៩៨៦ មុខរបរកសិករធ្វើស្រែ កាន់លិខិតឆ្លងដែនលេខ AB2613142 រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ថៃ និងឈ្មោះ ណាត ថាភុន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិថៃ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ ។ ចាប់យកវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន ៨ដុំធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦ក្រាម និងរថយន្ត ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿង បន្តទៅតុលាការតាមនីតិវិធី ៕