ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ គឺសម្តេចតេជោបានគិតយ៉ាងម៉ត់ចត់ដែលផ្តោតសុំខាន់លើកត្តា២ 

52

 


ភ្នំពេញ៖ សម្តេចតេជោ បញ្ជាក់ថា ក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ គឺសម្តេចតេជោបានគិតយ៉ាងម៉ត់ចត់ដែលផ្តោតសុំខាន់លើកត្តា២ គឺទី១ការគ្រប់គ្រងស្ថិរភាពនយោបាយ និង ទី២គឺគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចអោយបានល្អ។

នៅព្រឹកថ្ងៃពុធ ទី១១ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)ដែលមានចំនួន ៦,៧៦២នាក់ ក្នុងនោះគឺមាននារី ២,៧៦១នាក់ ដែលពិធីនេះបានធើ្វឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទាក់ទងទៅនឹងវិស័យអប់រំនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថាខេត្តមួយត្រូវមានសាកលវិទ្យាល័យ១ ដែលដែលកន្លងមកយើងក៏បានបង្កើត សាកលវិទ្យាល័យនៅតាមបណ្តាខេត្តមួយចំនួនផងដែរដូចជា សាកលវិទ្យាល័យខេត្តត្បូងឃ្មុំ, សាកលវិទ្យាល័យខេត្តបន្ទាយមានជ័យ, សាកលវិទ្យាល័យខេត្តបាត់ដំបង, សាកលវិទ្យាល័យខេត្តក្រចេះ, សាកលវិទ្យាល័យខេត្តស្វាយរៀង និង សាកលវិទ្យាល័យខត្តព្រៃវែង។ល។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរពីការចាប់ផ្តើមនៃវិស័យអប់រំរបស់ប្រទេសកម្ពុជា ក្រោយពេលដែលងើបរួចពីសង្គ្រាម គឺកម្ពុជាយើងបានចាប់ផ្តើមពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច, អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ, រហូតដល់យើងមានអ្នកចេះដឹងកាន់តែច្រើនមកដល់ពេលបច្ចុប្បន្ននេះ។

ទាក់ទៅនឹងវិស័យកីឡា នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអបអរសាទរ ចំពោះកីឡាករ កីឡាការិនីទាំងអស់ដែលបានទៅចូលរួមប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី៣០ នៅប្រទេសហ្វីលីពីន។ ក្នុងការប្រកួតស៊ីហ្គេមលើកនេះ កម្ពុជាយើងបានឈ្នះបានមេដាយ ៤៦ គ្រឿង ដែល ជាចំនួនច្រើនបំផុតក្នុងការចូលរួមប្រកួតស៊ីហ្កេមតាំងពីពេលមុនៗមក។

ទាក់ទងនឹងការប្រកួតបាល់ទាត់រវាងកម្ពុជា និងមីយ៉ាន់ម៉ាកាលពីម្សិលមិញ ដែលកម្ពុជាចាញ់មីយ៉ាន់ម៉ានោះ គឺសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗកីឡាបាល់ទាត់ទាំងអស់ ដែលនេះជាប្រវត្តិសាស្ត្រដែលកម្ពុជាបានឆ្លងដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់។ សម្តេចតេជោបានលើកទឹកចិត្តដល់កីឡាករ កែវ សុខផេង កុំអោយបាក់ទឹកចិត្តក្នុងការប្រកួតជាមូយមីយ៉ាន់ម៉ាម្សិលមិញនេះ ។ សម្តេចក៏អរគុណដល់អ្នកគាំទ្រវិស័យកីឡាទាំងអស់និងអរគុណដល់អាជ្ញាធរ រាជធានីខេត្តក្រុង ដែលបានដាក់ LED ផ្សាយបន្តផ្ទាល់ តាមកន្លែងផ្សេងៗអោយប្រជាពលរដ្ឋតាមដានបាល់ទាត់ស៊ីហ្គេម និងគាំទ្រលើកទឹកចិត្តកីឡាករយើង ទោះបីជាយើងទទួលបានលទ្ធផលបែបណាក៏ដោយ។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពីបញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងឆ្នាំនេះ ដោយសម្តេចបានមានប្រសាសន៍សុំអោយប្រជាកសិករត្រូវចេះសន្សំសំចៃទឹក ជាពិសេសសូមបងប្អូនប្រជាកសិករធ្វើស្រែប្រាំងតែម្តងបានហើយ បន្ទាប់មកអាចដាំដំណាំបន្លែបង្ការជំនួសវិញជាការល្អដែលមិនត្រូវការទឹកច្រើន។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តទៀតថា ពេលនេះរដូវប្រមូលផលស្រូវបានមកដល់ហើយ ទាំងស្រូវវស្សា និងស្រូវប្រាំង។ សម្តេចតេជោ បានអំពាវនាវទៅដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមកុំទំលាក់ថ្លៃស្រូវរបស់ប្រជាកសិករ (កុំច្របាច់ក) អោយសោះ គឺត្រូវកំណត់តម្លៃទិញអោយបានសមរម្យ។ ព្រោះរាជរដ្ធាភិបាលក៏បានទម្លាក់ទុនប្រមាណ ៥០ លានដុល្លារជួយដល់សហគ្រាសធន់តូច និងមធ្យមដែលរួមបញ្ចូលទាំងរោងម៉ាស៊ីនកិនស្រូវផងដែរ ដែលទទួលបានផលន្រយោជន៍ ពីទន់របស់រាជរដ្ធាភិបាល។ សម្តេចតេជោ បានបញ្ជាអោយ ក្រសួងពាណិជ្ជកម្ម , ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង កសិកម្ម និងសភាពាណិជ្ជកម្ម ត្រូវចូលរួមពិនិត្យ និងតាមដានបញ្ហានេះអោយបានម៉ត់ចត់បំផុត ដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើង។

ទាក់ទងនឹងមន្ទីរពេទ្យកាល់ម៉ែត សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរដល់ មន្ទីរពេទ្យកាល់ម៉ែត្រថាជាមជ្ឈមណ្ឌលពហុបច្ចេកទេសមួយ ក្នុងការព្យាបាលអ្នកជំងឺទូទៅ ដែលថ្មីៗនេះ សម្តេចតេជោបានអំពាវនាវសុំជំនួយពីសប្បុរជននានាទាំងក្នុងនិងក្រៅប្រទេសក្នុងការសាងសង់មន្ទីរពេទ្យ និងទិញបរិក្ខារពេទ្យទំនើបៗដើម្បីអោយមន្ទីរពេទ្យនេះមាន សមត្ថភាពគ្របគ្រាន់ក្នុងការព្យាបាលជីវិតពលរដ្ធ។ មកដល់ពេលនេះគឺបានទទួលថវិកាប្រមាណជាង៧២លានដុល្លារ ដែលរដ្ធនឹងបរិច្ចាគថវិកា ៣០លានដុល្លារ។ សម្តេចតេជោមានប្រសាសន៍ថា យើងនឹងងប្រែក្លាយមន្ទីរពេទ្យកាល់ម៉ែតទៅជាមន្ទីរពេទ្យទំនើប ដែលបំពាក់ដោយមានសំភារៈ និងបច្ចេកវិទ្យាទាន់សម័យ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា មន្ទីរពេទ្យនេះគឺមិនយកថវិកាថ្លៃព្យាបាលជំងឺចំពោះអ្នកដែលមាន ១)ប័ណ្ណក្រីក្រ , ២)មានប័ណ្ណសមធម៌ ៣)មានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(បសស) រីឯ ចំពោះអ្នកដែលមានលទ្ធភាព គឺយកថ្លៃពិនិត្យព្យាបាធម្មតា ដើម្បីបានថវិកាសម្រាប់ជួយអ្នកក្រីក្រ និងផ្គត់ផ្គង់មន្ទីរពេទ្យខ្លួនឯងផង (យកមន្ទីរពេទ្យ ចិញ្ចឹមមន្ទីរពេទ្យ)។

ទាក់ទងទៅវិស័យសេដ្ឋកម្ពុជាវិញ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមការព្យាករណ៍ កម្ពុជាយើងមានកំណើនសេដ្ធកិច្ចក្នុងរង្វង់អត្រា៧,១% ។ សម្តេចតេជោ បញ្ជាក់ថា ក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ គឺសម្តេចតេជោបានគិតយ៉ាងម៉ត់ចត់ដែលផ្តោតសុំខាន់លើកត្តា២ គឺទី១ការគ្រប់គ្រងស្ថិរភាពនយោបាយ និង ទី២គឺគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចអោយបានល្អ។ ជាមួយគ្នានេះដែរ សម្តេចតេជោបានបញ្ជាក់ផងដែរថា ចំពោះកម្ពុជា បើគ្មានសន្តិភាព គឺគ្មានគ្មានសិទ្ឋិមនុស្ស ហើយបើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍផងដែរ៕

អត្ថបទដែលជាប់ទាក់ទង