ឯកអគ្គរាជទូតជប៉ុន បញ្ជាក់ពីគោលជំហររបស់ជប៉ុន ក្នុងការបន្តគាំទ្រវិស័យ សកម្មភាពមីននៅកម្ពុជា
ភ្នំពេញ ៖ឯកអគ្គរាជទូតជប៉ុន បានកោតសរសើរ ចំពោះអាជ្ញាធរមីន ដែលបានដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពមីន នៅកម្ពុជាទទួលបានលទ្ធផលល្អ មានរចនាសម្ព័ន្ធ និងផែនការការងារច្បាស់លាស់ ហើយលោកបានបញ្ជាក់ ពីគោលជំហររបស់ជប៉ុន ក្នុងការបន្តគាំទ្រវិស័យ សកម្មភាពមីននៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងឱកាសនេះដែរ លោកឯកអគ្គរាជទូតជប៉ុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ លើសមិទ្ធផលការងារ ដែលវិស័យសកម្មភាពមីនសម្រេចបាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ដែលជាបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម។ លោកឯកអគ្គរាជទូត ក៏បានសម្តែងនូវការកោតសរសើរ ចំពោះអាជ្ញាធរមីន ដែលបានដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពមីន នៅកម្ពុជាទទួលបានលទ្ធផលល្អ មានរចនាសម្ព័ន្ធ និងផែនការការងារច្បាស់លាស់។
លោកឯកអគ្គរាជទូត បានសម្តែងនូវការរីករាយ ដែលបានស្វែងយល់កាន់តែច្បាស់ ពីវិសាលភាព និងតម្រូវការក្នុងវិស័យសកម្មភាពមីន ហើយលោកឯកអគ្គរាជទូត បានបញ្ជាក់ពីគោលជំហររបស់ជប៉ុន ក្នុងការបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។
ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះទឹកចិត្តសប្បុរស ក្នុងការជួយគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា ដែលបានចូលរួមចំណែក ក្នុងការសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា កាត់បន្ថយគ្រោះថា្នក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ផ្តល់សុវត្ថិភាព និងដីសម្រាប់បង្កបង្កើតផល ដល់ប្រជាជនកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរមីន ក្នុងការបន្តលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការសម្របសម្រួល ក្នុងវិស័យសកម្មភាពមីន ជាមួយគ្រប់ភាគីពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងប្រតិបត្តិករវិស័យសកម្មភាពមីន៕