ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រូវធ្វើប្លង់កម្មសិទ្ធិ កាន់កាប់ដីព្រៃឈើសហគមន៍ ចៀសវាងការកាប់ព្រៃទន្រ្ទាន កាន់កាប់ដីព្រៃឈើសហគមន៍ ដោយខុសច្បាប់

55

 

កំពង់ស្ពឺ៖ លោករដ្ឋមន្ត្រីកសិកម្ម បានណែនាំឲ្យរដ្ឋបាលព្រៃឈើត្រូវជំរុញការចុះបញ្ចីសហគមន៍ព្រៃឈើឲ្យបានច្រើនថែមទៀត ប្រយោជន៍ដើម្បីគ្រប់គ្រង និងការពារព្រៃឈើឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ត្រូវធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីព្រៃឈើសហគមន៍ឲ្យបានត្រឹមត្រូវ ចៀសវាងការកាប់ព្រៃទន្រ្ទានកាន់កាប់ដីព្រៃឈើសហគមន៍ដោយខុសច្បាប់។

នៅឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា បានអញ្ជើញមកជួបសំណេះសំណាល ជាមួយប្រជាសហគមន៍ព្រៃឈើប្រាំបីមុម។ ក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ប្រមាណជាង ៣០០នាក់។ ពិធីនេះមានគោល បំណងគឺទី១- ព្យាយាមផ្សាភ្ញាប់ទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ទី២- ស្វែងយល់ឲ្យបានស៊ីជម្រៅអំពីសុខទុក្ខ បញ្ហាប្រចាំថ្ងៃ តម្រូវការ សំណើ ឬសំណូមពរ និងដោះស្រាយបញ្ហាទាំងនោះ ជូនសហគមន៍ព្រៃឈើជាបណ្តើរៗតាមការចាំបាច់។

លោកឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺបានឲ្យដឹងថា ខេត្តកំពង់ស្ពឺមានសហគមន៍ព្រៃឈើចំនួន ៥០សហគមន៍ ក្នុងនោះ ៣៤ សហគមន៍បានចុះ បញ្ជីនៅក្រសួង គ្របដណ្តប់លើផ្ទៃដី ១៣ ៧៤៥ ហិកតា ស្ថិតនៅក្នុង ៦ស្រុក។ ដោយឡែកស្រុកថ្ពង មានសហគមន៍ព្រៃឈើចំនួន៣ រួមទាំងសហគមន៍ប្រាំបីមុមផងដែរ គ្របដណ្តាប់លើផ្ទៃដីព្រៃទំហំ ៩៣៧ហ.ត មានសមាជិកសរុប ហើយបានចុះបញ្ជីក្រសួងនៅឆ្នាំ២០១៨។ ប្រជាសហគមន៍ព្រៃឈើប្រាំបីមុម ភាគច្រើនប្រកបរបរកសិកម្មជាចំបង និងរុករកផល និងអនុផលព្រៃឈើ នៅលើផ្ទៃដីជាង ៩៣៧ហ.ត គ្របដណ្តប់ដោយឈើចម្រុះពូជ ដែលផ្តល់ប្រយោជន៍សម្រាប់ជីវិត រស់នៅរបស់ប្រជាសហគមន៍ ដែលពឹងអាស្រ័យមួយផ្នែកលើធនធានធម្មជាតិដ៏មានតម្លៃនេះ។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី និងលោកសមាជិកព្រឹទ្ធសភា បានធ្វើការសំណេះ សំណាល ជាមួយប្រជាសហគមន៍ដោយបាន នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចប្រធានរដ្ឋសភា ស្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំកំពូលមួយចំនួនទៀត មកជូនប្រជាសហគមន៍ទាំងអស់ ហើយសម្តេចបានជូនពរឲ្យជួបតែសេចក្តីសុខ ចម្រើន និងមានសុភមង្គលគ្រប់ៗគ្រួសារ។ បន្ទាប់មកលោកបានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ប្រជាសហគមន៍ ដែលបានខិតខំរួមគ្នា បង្កើតសហគមន៍ព្រៃឈើនេះឡើងបំណងថែរក្សា អភិរក្ស និងអភិវឌ្ឍព្រៃឈើដែលជាសម្បត្តិធម្មជាតិឲ្យបានគង់វង្ស។ លោករដ្ឋមន្ត្រីបានជម្រាបបងប្អូនសហគមន៍ព្រៃឈើថា រាជរដ្ឋាភិបាលបានចាត់ទុកការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យព្រៃឈើ ដោយចីរភាពថាជាអាទិភាពមួយ សម្រាប់ទ្រទ្រង់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ របស់ប្រជាសហគមន៍នៅជនបទ ក៏ដូចជារក្សាតុល្យភាពជីវចម្រុះក្នុងធម្មជាតិ និងជាពិសេសចូលរួមដោះ ស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ហេតុនេះ រដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី និងប្រជាសហគមន៍ ត្រូវសហការ ឧបត្ថម្ភគាំទ្រលើការគ្រប់គ្រង ការការ ពារ ការអភិរក្ស និងការអភិវឌ្ឍសហគមន៍ព្រៃឈើទូទាំងប្រទេស ឲ្យមានការរីកចម្រើន តាមរយ: ការបង្កើតមុខរបរថ្មីៗ សមស្របតាមស្ថានភាពភូមិសាស្រ្ត និងក្សេត្របរិស្ថានរបស់តំបន់នីមួយៗ ដូចជាការចិញ្ចឹមសត្វ (មាន់ គោ ពពែ និងឃ្មុំ) ចិញ្ចឹមត្រី និងដាំដំណាំដែលផ្តល់ផលក្នុងរយ:ពេលខ្លី និងពេលវែងដូចជាឫស្សីជាដើម។ ក្រៅពីការងារកសិកម្ម សហគមន៍ព្រៃ ឈើគួរសិក្សាពីលទ្ធភាពបង្កើតតំបន់អេកូទេសចរណ៍ ដោយគួរសហការជាមួយដៃគូអភិវឌ្ឍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើតចំណូលបន្ថែមសម្រាប់គ្រួសារ កែលម្អកម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។

ដោយឡែករដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវចុះមកជួយបណ្តុះ បណ្តាលការងារបច្ចេកទេសកសិកម្មថ្មីៗបន្ថែមទៀត រួមទាំងការងារគ្រប់គ្រងទូទៅទាំងព្រៃឈើ ការងាររដ្ឋបាល ការងារឥណទាន និងការអភិវឌ្ឍសហគមន៍ ដើម្បីរក្សានិរន្តរភាពនៃការអភិរក្ស និងការអភិវឌ្ឍន៍ ជាពិសេសប្រយោជន៍ទាញយកផល ពីព្រៃធម្មជាតិនេះឲ្យអស់សក្តានុពល។ លោករដ្ឋមន្ត្រីបានណែនាំ ឲ្យរដ្ឋបាលព្រៃឈើត្រូវជំរុញការចុះបញ្ជីសហគមន៍ព្រៃឈើ ឲ្យបានច្រើនថែមទៀត ប្រយោជន៍ដើម្បីគ្រប់គ្រង និងការពារព្រៃឈើឲ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។ ត្រូវធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីព្រៃឈើសហគមន៍ឲ្យបានត្រឹមត្រូវ ចៀសវាងការកាប់ព្រៃទន្រ្ទានកាន់កាប់ដីព្រៃឈើសហគមន៍ដោយខុសច្បាប់។ ដោយឡែក មន្ទីរកសិកម្មត្រូវខិតខំស្វែង រកគម្រោងមកជួយអភិវឌ្ឍសហគមន៍ព្រៃឈើប្រាំបីមុំ ធ្វើយ៉ាងណាកែប្រែមុខមាត់ កែប្រែជីវភាព រក្សាបាននូវនិរន្តរភាពនៃការអភិរក្ស និងការអភិវឌ្ឍន៍ព្រៃឈើទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

ដើម្បីជួលសម្រួលនូវរាល់បញ្ហាដែលជាឧបសគ្គ ក្នុងការអភិវឌ្ឍន៍សហគមន៍ព្រៃឈើប្រាំបីមុម លោករដ្ឋមន្ត្រី លោក លី យ៉ុងផាត់ និងរដ្ឋបាលព្រៃឈើ បានជួយឧបត្ថម្ភអគាររដ្ឋបាល ១ខ្នង ឡានទឹកសម្រាប់ពន្លត់ភ្លើងឆេះព្រៃ បន្ទប់ទឹក ឧបករណ៍វាស់ដី (GPS) សម្លៀកបំពាក់សម្រាប់ដើរល្បាតព្រៃ បំពាក់សូឡាបូមទឹក និងឧបត្ថម្ភសហគមន៍មួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង