មានការរិះគន់ មកលើក្រសួងកសិកម្ម ពាក់ព័ន្ធនឹងតម្លៃស្រវគ្រប់ប្រភេទ មានការធ្លាក់ចុះនៅតាមបណ្តាខេត្តមួយចំនួន
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ធ្នូ បានចេញសេចក្តីប្រកាសព័ត៌មានថា កន្លងទៅថ្មីៗនេះ មានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនបានផ្តល់យោបល់ក៏ដូចជាធ្វើការរិះគន់មកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពាក់ព័ន្ធនឹងតម្លៃស្រវគ្រប់ប្រភេទមានការធ្លាក់ចុះនៅតាមបណ្តាខេត្ត
មួយចំនួនដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ មានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ដោយ
ពុំមានមន្ត្រីបច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះជួយស្វែងរកទីផ្សារ និងរក្សាតម្លៃឱ្យសមស្រប
ទៅនឹងតម្លៃនៃវត្ថុធាតុដើម និងថ្លៃពលកម្មសម្រាប់ប្រជាកសិករ។
ចំពោះករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន
បណ្តាញសារព័ត៌មាន ក្រុមហ៊ុន ពាណិជ្ជករ សហគមន៍កសិកម្ម និងប្រជាកសិករទាំងអស់ ជ្រាបថា តាមរយៈការស្រាវជ្រាវព័ត៌មាន ពីបណ្តាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបង្ហាញថានៅតាមបណ្តាខេត្តដែលបាន
និងកំពុងមមាញឹកក្នុងការប្រមូលផល គឺស្រូវនៅមានតម្លៃសមរម្យនៅឡើយ លើកលែងតែស្រូវដែលមានគុណភាពអន់
ហើយក៏មានក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមួយចំនួន បានសហការជាមួយមន្ត្រីជំនាញ ចុះប្រមូលទិញដោយផ្ទាល់ និង
ប្រមូលទិញតាមកិច្ចសន្យាយ៉ាងសស្រាក់សស្រាំផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ខ្ពស់
ក្នុងការជួយអន្តរាគមន៍ដល់កសិករដោយបានបញ្ចេញថវិកាបន្ថែមចំនួន៥០លានដុល្លារសហរដ្ឋអាមេរិក ក្នុងគោលដៅ
ដើម្បីរក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ។ ជាមួយគ្នានេះដែរ នៅថ្ងៃទី១៩
ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងធ្វើពិធីប្រកាស ជាផ្លូវការរោងម៉ាស៊ីនកិនស្រូវ
ដែលទទួលបានការអនុញ្ញាតនាំចេញអង្ករទៅកាន់ប្រទេសចិន ដែលជាការចូលរួមចំណែកពង្រីកទីផ្សាររអង្គរ និងធានាបាន
នូវស្ថិរភាពតម្លៃទីផ្សារស្រវ អង្កររបស់ប្រជាកសិករ។ ព័ត៌មានដែលបានចុះផ្សាយខាងលើ គឺផ្ទុយពីការពិតដែលក្រសួង
បាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ជាហេតុធ្វើឱ្យសាធារណជន ដែលមិនយល់ហេតុផលមានការភាន់ច្រលំ
មកលើរាជរដ្ឋាភិបាល ពិសេសមកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រជាកសិករនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ត្អូញត្អែតម្លៃស្រូវឆ្នាំនេះធ្លាក់ថ្លៃខ្លាំង។ ហើយពួកគាត់បានសំណមពរដល់រដ្ឋាភិបាលជួយដំឡើងថ្លៃស្រូវ ដើម្បីជួយដល់ពួកគាត់ផង។
ស្ថិតក្នុងរយៈពេលមួយខែចុងក្រោយកន្លងទៅនេះ កសិករដែលបានដាំដុះស្រូវតាមបែបរដូវកាលបានចាប់ផ្តើមធ្វើការប្រមូលផលស្រូវសែនក្រអូបរបស់ខ្លួនជាបណ្តើរៗ ប៉ុន្តែមកដល់ពេលថ្មីៗនេះកសិករមួយចំនួនបានផ្អាក ឬពន្យាពេលប្រមូលផលស្រូវទៅវិញ ដោយសារប្រភេទស្រូវសែនក្រអូបមួយនេះបានធ្លាក់ចុះថ្លៃ ធ្វើឱ្យកសិករមិនអាចទទួលយកបានក៏នាំគ្នារងចាំក្រែងតម្លៃឡើងថ្លៃប្រសើរជាងសព្វថ្ងៃនេះ ។
បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកមួយ បានឲ្យដឹងថា លោក ទិត្យ សុផា កសិករនៅឃុំសឿ ក្នុងខេត្តបាត់ដំបងបានឱ្យដឹងកាលពីថ្ងៃទី១ ខែធ្នូ នេះមកដល់ថ្ងៃនេះប្រជាកសិករក្នុងតំបន់ខ្លះកំពុងប្រមូលផលស្រូវ និងកសិករច្រើនផ្សេងទៀតបានផ្អែកប្រមូលផលស្រូវសិន ខណៈតម្លៃស្រូវសែនក្រអូបក្នុងមួយតោនគិតជាលុយបាតថ្លៃ៦.៩០០បាត ឬស្មើប្រហែល៨០ម៉ឺនរៀល ។ ត្រង់នេះមានន័យថា ស្រូវសែនក្រអូបឆ្នាំនេះតម្លៃស្រូវបើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន វាខុសគ្នាប្រហែល ២.០០០បាត ឬក្រោមនេះបន្តិចផ្អែកទៅលើគុណភាពស្រូវជាក់ស្តែង។
លោកបានបន្តថា ខណៈដែលតម្លៃស្រូវធ្លាក់ចុះក្នុងឆ្នាំនេះហើយនោះ កសិករក៏កំពុងប្រឈមនឹងបញ្ហាមួយទៀតផងដែរ នោះគិតមកដល់ថ្ងៃនេះឈ្នួញប្រាប់ថា គេអត់ទិញថែមទៀតផង។ លោកបានបន្តថា ស្ថិតក្នុងរដូវប្រមូលផលនៅតំបន់នេះគេពេញនិយមធ្វើស្រូវសែនក្រអូប ព្រោះស្រូវសែនក្រអូបលក់បានថ្លៃជាងស្រូវមួយចំនួនផ្សេងទៀត។
កសិកររូបនេះបានបញ្ជាក់ថា មកដល់ឥលូវមិនទាន់មានកសិករច្រើនទេធ្វើការច្រូតស្រូវ ឬប្រមូលផលស្រូវរបស់ខ្លួនដោយសារតម្លៃស្រូវវាថោក ហើយអត់សូវមានអ្នកទិញទៀត ។ កសិករបង្អង់ចាំមើលគ្នា ឬចាំមើលតម្លៃក្រែងតម្លៃស្រូវប្រសើរជាងនេះ ខណៈស្រូវដល់ពេលទុំក្រហមពេញវាលស្រែអស់ហើយ។ ម្សិលមិញគេហ៊ានទិញស្រូវសែនក្រអូបក្នុងមួយតោនថ្លៃ៧.១០០បាត តែមកដល់ថ្ងៃនេះស្រាប់តែធ្លាក់ចុះមកនៅត្រឹម៦.៩០០បាតវិញ ហើយអត់ហ៊ានទទួលទិញច្រើនទៀត។
កសិករមួយរូបនៅខេត្តបាត់ដំបង បានឲ្យដឹងថា ខណៈតម្លៃស្រូវចុះថោក កសិករបន្តរងចាំតម្លៃស្រូវងើបឡើងវិញ វាអាចធ្វើឱ្យកសិករកាន់តែខាតបង់ប្រាក់ថែមទៀត ។ ព្រោះសព្វថ្ងៃនេះឈ្មួញគេមកទិញស្រូវគេយកទៅសម្ងួត តែបើកសិករពន្យាពេលអូសបន្លាយបែបនេះវានឹងធ្វើឱ្យស្រូវទុំខ្លាំងពេក ធ្វើឱ្យម្ចាស់រោងម៉ាស៊ីនលែងទិញ ។ ដូចនេះដើម្បីកុំឱ្យខាតបង់ព្រោះតែការរងចាំតម្លៃនេះ កសិករមួយចំនួនបង្ខំចិត្តលក់ត្រូវយកលុយខ្លះ សងថ្លៃជី ថ្នាំដែលបានទិញជំពាក់គេនៅពេលកន្លងមក អីចឹងកសិករឆ្នាំនេះប្រឈមនឹងហានិភ័យ។ សព្វថ្ងៃនេះប្រជាកសិករត្អូញត្អែគ្រប់គ្នាពាក់ព័ន្ធតម្លៃស្រូវសែនក្រអូប ក្រៅពីការធ្វើស្រែប្រឈម និងអាកាសធាតុឆ្នាំនេះ ប៉ុន្តែមិនដឹងនិយាយថាម៉េច មិនដឹងទៅប្រាប់អ្នកណា បើថ្នាក់ដឹកនាំយើងនៅក្នុងមូលដ្ឋានគេមិនអើពើគិតគូដល់កសិករផង៕