ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាសហគមន៍និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ

43

 

 

ភ្នំពេញ៖ «ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិធ្វើឡើងដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបីនិងអរូបិឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតអេកូទេសចរណ៍ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»។ នេះគឺជាការគូសបញ្ជាក់របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ នេះក្នុងឱកាសបិទសន្និបាតសហគមន៍អភិរក្សធនធានធម្មជាតិ នៅទីស្តីការក្រសួងបរិស្ថាន។ លោករដ្ឋ មន្ត្រីបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាមានបំណងប្រែក្លាយតំបន់អភិរក្សដែលមានបច្ចុប្បន្ននេះ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីឆ្លើយកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជា ពលរដ្ឋក្នុងការដើរកម្សាន្ត។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថាបច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុក មានកំណើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធារដោយសារតែកំណើនសេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។

ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន។ ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ។ រហូតមកទល់នឹងឆ្នាំ ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៨ សហគមន៍។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមាន ទិសដៅធ្វើយ៉ាងណាឱ្យឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មក ហើយរបស់ប្រជាបលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់សាជាថ្មីពីការតាំងចិត្តរបស់ក្រសួងបរិស្ថានចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីកម្ពុជានៅត្រឹមឆ្នាំ ២០២៥ និងលុបបំបាត់ឱ្យអស់នូវជំងឺឆ្លងផ្សេងទៀតឱ្យអស់ពីតំបន់ការពារធម្មជាតិដោយសហការជាមួយក្រសួងសុខាភិបាលចែកមុងជ្រលក់ ថ្នាំការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំការពារផ្សេងៗទៀត ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយពីការការ ពារខ្លួនពីជំងឺ ក៏ដូចជាការសម្អាតអនាម័យបរិស្ថានជាដើមដើម្បីផាសុកភាពសម្រាប់ការរស់នៅ។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានប្រកាសដល់តំណាងសហគមន៍ទាំង ១៦៨ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានថាក្រសួងបានមូលនិធិបរិស្ថាននិងសង្គមដើម្បីផ្តល់ការគាំទ្រលើការងារអភិវឌ្ឍសហគមន៍ ដែលពួកគាត់អាចដាក់ពាក្យស្នើសុំដើម្បីយកទៅប្រើប្រាស់សម្រាប់ការពារសហគមន៍។ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ប្រសិនបើបងប្អូនប្រជាសហគមន៍មាន គោលដៅច្បាស់លាស់ រាជរដ្ឋាភិបាលនឹងគាំទ្រកញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍសហគមន៍ ដើម្បីធ្វើយ៉ាង ណាឱ្យសហគមន៍របស់យើងមានជីវភាពរីកចម្រើន។ ក្រៅពីសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាននៅពេលនេះ ធ្វើយ៉ាងណា យើងនាំគ្នាជួយជំរុញនិងបង្កើនការអភិវឌ្ឍសហគមន៍មូលដ្ឋាន»។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញក្តីសង្ឃឹមថាជាមួយ នឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍នឹងមានជីវភាពរីកចម្រើននាអនាគត។

“ខ្ញុំជឿជាក់ថាបងប្អូននឹងសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីអនាគត សហគមន៍ និងសូមលើកទឹកចិត្តអាជ្ញាធរខេត្តសហការឱ្យបានស្អិតរមួត និងសម្របសម្រួលជាមួយក្រសួងបរិស្ថាន និងសហគមន៍ដើម្បីអនុវត្តគម្រោងនានាអភិវឌ្ឍសហគមន៍”។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សំអាល់ មុននឹងបញ្ចប់ដោយគូសបញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានចង់ឃើញស្នាមញញឹម សាមគ្គីភាពរបស់បងប្អូនប្រជាសហគមន៍កាន់តែរឹងមាំ កូនៗរបស់បងប្អូនប្រជាពលរដ្ឋសិក្សាបានជ្រៅជ្រៅ រៀបចំសេដ្ឋកិច្ចសហគមន៍មានការរីកចម្រើន និងធនធានធម្មជាតិត្រូវបានការពារបានល្អប្រសើរសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត”៕

 

អត្ថបទដែលជាប់ទាក់ទង