ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីសាធារណការ ចង់ឱ្យធនាគារអភិឌ្ឍន៍អាស៊ី ជួយពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងប្រព្រឹត្តកម្មទឹកកខ្វក់

159

 

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញនូវបំណង ចង់ឱ្យធនាគារអភិឌ្ឍន៍អាស៊ី ជួយពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាល ភាពប្រជាជនកម្ពុជា ឱ្យបានប្រសើរឡើងថែមមួយកម្រិតទៀត។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការ ងារជាមួយគណៈប្រតិភូទីប្រឹក្សាការិយាល័យនាយកប្រតិបត្តិតំណាងប្រទេសជាសមាជិករបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលដឹកនាំលោក Phillipe Rose មកពីការិយាល័យនាយកប្រតិបត្តិតំណាងប្រទេសអូទ្រីស អាល្លឺម៉ង់ លុចសំបួ តួកគី និងចក្រភពអង់គ្លេស។

ជំនួបនេះមានគោលបំណងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីអភិវឌ្ឍន៍ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី វឌ្ឍនភាពនិងសមិទ្ធផលនៃការអនុវត្ត គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង នៅក្រុងបាវិត ខេត្តស្វាយរៀង។

លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនគណៈប្រតិភូ នូវកិច្ចសហការប្រកបដោយភាពរីករាយរវាងក្រសួង សាធារណការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍អាស៊ី និងបានជម្រាបជូនផងដែរអំពីការអភិវឌ្ឍថ្មីៗ និងគម្រោងនានារបស់កម្ពុជា ដែលទាក់ទងទៅនឹងការពង្រីក និងលើកកម្ពស់បណ្តាញផ្លូវថ្នល់ ស្ពាន កំពង់ផែសមុទ្រទឹកជ្រៅ និងបណ្តាញផ្លូវដែកដែលកំពុងត្រូវស្តារឡើងវិញនៅកម្ពុជា។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីផែនការមេអភិវឌ្ឍន៍ប្រព័ន្ធលូចម្រោះទឹកសំណល់ ពិសេស គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងនៅក្រុងបាត់ដំបង ប៉ោយប៉ែត ក្រុងបាវិត បណ្តាខេត្តជាច្រើនទៀត និងការកែលម្អកំណាត់ផ្លូវជាតិលេខ១ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ផងដែរ។

លើសពីនេះទៀត លោកទេសរដ្ឋមន្រ្តី បានបង្ហាញនូវបំណងចង់ឱ្យធនាគារអភិឌ្ឍន៍អាស៊ីជួយពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាល ភាពប្រជាជនកម្ពុជាឱ្យបានប្រសើរឡើងថែមមួយកម្រិតទៀត ស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវថា៖ ក្រសួងសាធារណការ និងដឹក ជញ្ជូនជាក្រសួងឈានមុខក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីគ្រប់គ្រងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលរួមមាន៖ ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ការប្តូរ និងពន្យារបណ្ណបើកបរ និងទ្រឹស្តីនៃការបើកបរលើទូរសព្ទស្មាតហ្វូនជាដើម។

ជាទីបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ការគាំទ្រ និងជំនួយបច្ចេកទេស ដើម្បីអភិវឌ្ឍបណ្តាញហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនកម្ពុជាឱ្យមានការរីកចម្រើន ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង