ខេត្តកែប កំពត និង គៀនយ៉ាង រួមគ្នាកសាងខ្សែបន្ទាត់ព្រំដែន ដើម្បីរួមគ្នាកាត់បន្ថយហានិភ័យនានា នៅ តាមព្រំដែន
ខេត្តកែប៖ លោកអភិបាលខេត្តកែប បានជំរុញដល់ គណៈកម្មាធិការរណសិរ្សទាំងបីខេត្ត( កែប កំពត និង គៀនយ៉ាង )បន្ត សហប្រតិបត្តិការ រឹតចំណងមិត្តភាព សាមគ្គីភាព កាន់តែរឹងមាំ យូរអង្វែង ហើយលោកថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន អង្គភាព នៃខេត្តទាំងបី បានបន្តសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ពិសេសការកសាងខ្សែបន្ទាត់ព្រំដែន ដើម្បីរួមគ្នាកាត់បន្ថយហានិភ័យនានា នៅ តាមព្រំដែន ។
នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ នេះ ខេត្តកែប បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ស្តីពីការប្រលងប្រណាំងកសាងខ្សែបន្ទាត់ព្រំដែន កម្ពុជា វៀតណាម សន្តិភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យរួមគ្នាអភិវឌ្ឍន៍ រវាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តគៀនយ៉ាង ជាមួយគណៈកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប និងខេត្តកំពត សម្រាប់ឆ្នាំ២០១៧~២០១៩ ។
លោក កែន សត្ថា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប លោកម ដួង សាវណ្ណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពត លោកស្រី ឡេ ធីវ៉េ ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម ខេត្តគៀនយ៉ាង អញ្ជើញជាគណៈអធិបតី។
មានប្រសាសន៍នាឱកាសបើក អង្គប្រជុំ លោក កែន សត្ថា ប្រធានគណៈកម្មាធិការរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប លើកឡើងថា ពីមួយថ្ងៃទៅមួយថ្ងៃ ខេត្តយើងទាំងបី( កែប កំពត និង គៀនយ៉ាង ) បានសហប្រតិបត្តិការគ្នា បានយ៉ាងល្អ ។ លោក បន្តថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន អង្គភាព នៃខេត្តទាំងបី បានបន្តសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ពិសេសការកសាងខ្សែបន្ទាត់ព្រំដែន ដើម្បីរួមគ្នាកាត់បន្ថយហានីភ័យនានា នៅ តាមព្រំដែន ។
លោក សំ សារីន អនុប្រធានគណៈកម្មាធិការរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប បានលើកឡើងរបាយការណ៍ បូកសរុបលទ្ធផល ២ឆ្នាំ អនុវត្តតាមផែនការប្រឡងប្រណាំងឆ្នាំ២០១៧-២០១៩ មានការទំនាក់ទំនងប្រពៃណី សាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អ ការពារសន្តិសុខព្រំដែនពាណិជ្ជកម្ម ទេសចរណ៍ ជលផល និងកសិកម្ម -ល- ។ លទ្ធផលនៃការអនុវត្ត បានផ្សព្វផ្សាយ និងជំរុញការពារប្រជាជនតំបន់ព្រំដែន បង្កើននិងពង្រីកការផ្លាស់ប្តូរមិត្តភាពប្រជាជន ពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ សហការដោះស្រាយករណី ដែលកើតមានឡើង ក្នុងជីវភាពរស់នៅរបស់ប្រជាជន កិច្ចការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន និងទិសដៅសម្រាប់ផែនការប្រឡងប្រណាំង ការកសាងខ្សែបន្ទាត់ព្រំដែន វៀតណាម កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២១ ។
កិច្ចប្រជុំបូកសរុបលទ្ធផល ស្តីពីការប្រលងប្រណាំងកសាងខ្សែបន្ទាត់ព្រំដែន វៀតណាម កម្ពុជា នាពេលនោះ សមាជិក សមាជិកាគណៈកម្មាធិការរណសិរ្យ របស់ខេត្តទាំងបី នៃប្រទេសទាំងពីរ បានធ្វើបទអន្តរាគន៍ ពីការរឹតចំណងមិត្តភាព សន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍ សមិទ្ធផល និងលទ្ធផលអនុវត្តបាន រយៈពេល២ឆ្នាំកន្លងមក។
គណៈប្រតិភូ ប្រធានគណៈកម្មាធិការរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប ខេត្តកំកំពត និង ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម ខេត្តគៀនយ៉ាង ក៏បានចុះហត្ថលេខា លើផែនការស្តីពីការប្រឡងប្រណាំង កសាងខ្សែបន្ទាត់ព្រំដែន វៀតណាម កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ រួមគ្នាអភិវឌ្ឍន៍ នាឆ្នាំបន្ទាប់ទៀត ។
មានប្រសាសន៍បិទកិច្ចប្រជុំ លោក កែន សត្ថា ក្នុងនាមប្រធានគណៈកម្មាធិការរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះខ្លឹមសារ និងលទ្ធផល ដែលគណៈកម្មាធិការរណសិរ្ស ប្រទេសទាំងពីរ សម្រេចបានយ៉ាងល្អប្រសើរ នេះជាការពួនជ្រុំ ប្រមូលផ្តុំគិនិត សហប្រតិបត្តិការគ្នា ដើម្បីលុបបំបាត់អំពើអសកម្មនានា នៅតាមបណ្តោយព្រំដែន ប្រយោជន៍ដើម្បីប្រជាជននៃប្រទេសទាំងពីរ ។
លោក ក៏បានជំរុញដល់ គណៈកម្មាធិការរណសិរ្សទាំងបីខេត្តបន្ត សហប្រតិបត្តិការ រឹតចំណងមិត្តភាព សាមគ្គីភាព កាន់តែរឹងមាំ យូរអង្វែង ៕