ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅក្នុងខេត្តកំពង់ចាម អស់រយៈពេល១៩ខែកន្លងមកនេះ

84

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ខែធ្នូនេះ បានផ្សាយព័ត៌មានថា នាថ្ងៃទី១៧ ខែធ្នូ លោក ឯកអគ្គរដ្ឋទូតចិន Wang Wentian និងលោក Leung Chun-ying អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងជាប្រធានមជ្ឈមណ្ឌលហុងកុងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរដំណើរការលុបបំបាត់ ភាពពិការភ្នែកដោយសារជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ចាម ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ របស់សាធារណរដ្ឋប្រជាមានិតចិន។ លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី, លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រជាពលរដ្ឋប្រចាំតំបន់ សរុបចំនួនជាង៣០០នាក់អញ្ជើញ មានវត្តមានក្នុងពិធីអបអរផងដែរ។

លោក Leung Chun-ying មានប្រសាសន៍ថា ដំណើរការនៃសកម្មភាពលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ដែលបានរៀបចំក្នុងខេត្តកំពង់ចាម អស់រយៈពេល១៩ខែកន្លងមកនេះ បានជួយព្យាបាលប្រកបដោយភាពជោគជ័យ ជូនដល់អ្នកជំងឺភ្នែកឡើងបាយ ឲ្យជាសះស្បើយ អាចមើលឃើញវិញចំនួនសរុបជាង៦០០០នាក់។ គម្រោងនេះបានជួយពង្រឹងមិត្តភាពរវាងចិន និងកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋយល់ដឹង កាន់តែស៊ីជម្រៅអំពីការផ្សារភ្ជាប់បេះដូង នៃប្រជាជន ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ក៏បានជំរុញរូបគាត់ផ្ទាល់ ក្នុងការដឹកនាំបង្កើត “GX Foundation” នេះជាភាពងាយស្រួល ក្នុងការផ្តល់ជាជំនួយព្យាបាលសប្បុរសធម៌ ដល់ប្រទេសដែលជាប់ពាក់ព័ន្ធ ក៏រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។

លោក ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់ភាគីចិនដែលតែងផ្តល់ការគាំទ្រ និងជំនួយដល់ភាគីកម្ពុជា លោកមានប្រសាសន៍ថា សកម្មភាពនៃការលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ជាការបង្ហាញយ៉ាងរស់រវើក នៃការអភិវឌ្ឍទំនាក់ទំនង ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា បានយ៉ាងឆាប់រហ័ស បានជួយដោះស្រាយបញ្ហា ដែលរំខានដល់អ្នកជំងឺភ្នែកឡើងបាយ ក្នុងខេត្តកំពង់ចាម បានចូលរួមពង្រឹងមិត្តភាព រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ថែមមួយកម្រិតទៀត។

ក្នុងសុន្ទរកថារបស់លោក ឯកអគ្គរដ្ឋទូតចិន បានអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះសកម្មភាព នៃការលុបបំបាត់ភាពពិការដោយជំងឺភ្នែកឡើងបាយ ក្នុងខេត្តកំពង់ចាម។ លោកមានប្រសាសន៍ថា ចិន និងកម្ពុជាជាមិត្តជិតខាងល្អនឹងគ្នា ការលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ក្នុងខេត្តកំពង់ចាម ជាការប្តេជ្ញាចិត្តដំបូងយ៉ាងម៉ឺងម៉ាត់ របស់លោក Leung Chun-ying ដែលមានគំនិតវែងឆ្ងាយ ក្នុងឆ្នាំ២០១៨ ហើយក្នុងរយៈពេលដ៏ខ្លីជាងមួយឆ្នាំនេះ ទទួលបានភាពជោគជ័យ លើគោលដៅដំបូង។ សមិទ្ធផលនៃសកម្មភាព មិនត្រឹមតែជួយអ្នកជំងឺភ្នែកឡើងបាយ ក្នុងខេត្តកំពង់ចាម ឲ្យមើលឃើញប៉ុណ្ណោះទេ ក៏បានជួយជាក្តីសង្ឃឹម នៃជីវភាពរស់នៅជូនដល់ពួកគាត់សារជាថ្មីផងដែរ ហើយបានជំរុញជាកម្លាំងចលករថ្មី ក្នុងការផ្សារភ្ជាប់បេះដូង រវាងប្រជាជនទាំងពីរប្រទេសផងដែរ។

ក្នុងពិធីអបអរសាទរនេះលោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានរាយការណ៍ ពីរបាយការណ៍ នៃសកម្មភាពអនុវត្តន៍ ដំណើរការលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ដែលបានអនុវត្តន៍ក្នុងខេត្តកំពង់ចាម៕

អត្ថបទដែលជាប់ទាក់ទង