ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រឹងសមត្ថភាពផលិត និងផ្គត់ផ្គង់របស់សហគ្រិនក្នុងស្រុក, ការធ្វើពិពិធកម្មទីផ្សារនាំចេញក្នុងតំបន់ និងដៃគូអាស៊ាន, ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីនានា ដំណាលគ្នានឹងការយកចិត្តទុកដាក់លើវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ ជាពិសេសបង្កើនប្រសិទ្ធភាពត្រួតពិនិត្យ និងបង្ក្រាបការក្លែងបន្លំទំនិញ និងសេវាកម្មគ្រប់ប្រភេទ។
លោករដ្ឋមន្ត្រីបានលើកឡើងដូច្នោះ នាឱកាសអញ្ជើញជាអធិបតី ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខាកាំត្រូលរាជធានី-ខេត្ត ប្រមាណជាង ៥០០នាក់។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ក្រសួង ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការអភិវឌ្ឍធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល ការកសាងខិលិតបទដ្ឋានគតិយុត្ត និងការកែលម្អសេវាសាធារណៈ តាមរយៈដាក់ឲ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប សំដៅជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយសកម្មភាពការិយាធិបតេយ្យ។
លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអង្គពិធីទាំងមូល រួមគ្នាតាមដានរបាយការណ៍សមិទ្ធផលការងារ របស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក៏ដូចជាអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងអនុសាសន៍នានា ដើម្បីស្វែងរកធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋានរៀបចំផែនការយុទ្ធសាស្រ្តអនុវត្តការងារប្រកបដោយប្រសិទ្ធភាព នៅក្នុងឆ្នាំ២០២០។
សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នៅក្នុងឆ្នាំនេះ សន្និបាតនេះនឹងប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ ដើម្បីផ្តល់ឱកាសជូនមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងមន្ត្រីតំណាងពាណិជ្ជកម្មនៅក្រៅប្រទេស បានជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នា ដើម្បីឈានទៅអនុវត្តន៍ទិសដៅការងារឆ្នាំថ្មី ឱ្យទទួលបានជោគជ័យ៕