ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបាននិងកំពុងរៀបការ៉ូឡា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីដោយចាប់ផ្ដើមពីពោចិនតុងរហូតមក ដល់មន្ទីរពេទ្យអង្គឌួង

65
ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរាជធានីភ្នំពេញ ដូចជាការរៀបចំបណ្ដាញលូទឹក ការស្ថាបនាជួសជុលផ្លូវសាធារណៈ ជាមួយនឹងការរៀបចំការ៉ូឡាលើចិញ្ចើមផ្លូវសាធារណៈសម្រាប់អ្នកថ្មើរជើង និងការកសាងសួនច្បារសាធារណៈជាដើម។
   ជាក់ស្តែងនៅខណៈនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយមានការណែនាំពីលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការស្ថាបនាដោយរៀបការ៉ូឡាតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីដោយចាប់ផ្ដើមពីពោចិនតុងរហូតមកដល់ពេទ្យអង្គឌួង ។
   បើតាមការបញ្ជាក់ពីមន្ត្រីដែលកំពុងតែអនុវត្តលើការងារនេះបានឲ្យដឹងថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺនឹងរៀបការ៉ូឡានេះតាមបណ្តោយសងខាងផ្លូវសហព័ន្ធរុស្ស៊ីដោយចាប់ពីពោធិ៍ចិនតុងរហូតដល់មន្ទីរពេទ្យព្រះអង្គឌួង ។ តែជាជំហានទី១ ក្រុមការងារ នឹងរៀបការរ៉ូឡាពីស្ពានអាកាស ៧មករា (ស្ពានអាកាសលោកសង្ឃ) រហូតដល់ពេទ្យអង្គឌួង ។ ជាក់ស្តែងមកដល់ពេលនេះទើបតែរៀបការ៉ូឡា ពីស្ពានអាកាសលោកសង្ឃមកដល់មុខសាកលវិទ្យាល័យភ្នំពេញប៉ុណ្ណោះ ។
   លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកនេះ លោកធ្លាប់បានបញ្ជាក់ហើយថា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីនេះត្រូវតែជាផ្លូវល្អ ជាផ្លូវដែលស្អាតជាងគេ ពោលគឺមិនត្រូវអោយមានធូលីឡើយ ព្រោះថា ផ្លូវនេះជាមហាវិថីដែលភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ។
   ជុំវិញគម្រោងនៃការស្ថាបនា ដោយរៀបការ៉ូឡាខាងលើនេះមន្ត្រីដែលអនុវត្តការងារខាងលើនេះមិនបានបញ្ជាក់ថា គ្រោងនេះនឹងត្រូវបញ្ចប់នៅពេលណានោះទេ៕
អត្ថបទដែលជាប់ទាក់ទង