ស្នងការនគរបាលខេត្ដកណ្ដាល ជំរុញឲ្យអធិការធ្វើតេស្ដទឹកនោម រកសារធាតុញៀន ទៅលើមន្រ្ដីក្រោមឱវាទ
កណ្ដាលៈ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល បានថ្លែងជំរុញឲ្យអធិការនគរបាលស្រុកខ្សាច់កណ្ដាល ក៏ដូចជា អធិការនគរបាលក្រុង/ស្រុកចំនួន១០ទៀត ពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើមន្រ្ដីនគរបាលក្រោមឱវាទ ។ ក្នុងករណីរកឃើញមន្រ្ដីណាម្នាក់មានសារធាតុញៀន ត្រូវតែធ្វើសំណើរសុំកាត់ចេញពីក្របខ័ណ្ឌជាបន្ទាន់ ។
ដោយឡែកមន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវខិតខំចុះតាមខ្នងផ្ទះ ដើម្បីធ្វើការទំនាក់ទំនងសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋ ហើយត្រូវឲ្យលេខទូរស័ព្ទដល់ពួកគាត់ ដើម្បីពួកគាត់ធ្វើការទំនាក់ទំនងរាយការណ៍ព័ត៌មាន ពេលយថាហេតុកើតឡើង ចេញអន្ដរាគមន៍ទាន់ពេលវេលា ។ ជាមួយគ្នានោះដែរ លោកស្នងការ បានក្រើនរំលឹកដល់លោកស្នងការរងទទួលផែនធនធានមនុស្ស ពិសេសលោកនាយការិយាល័យបុគ្គលិក ត្រូវពិនិត្យមើលអតីតភាពការងារ មន្រ្ដីនគរបាលដែលមានសមត្ថភាព ដើម្បីរៀបចំស្នើសុំតម្លើងឋានន្ដរស័ក្ដិនិងតួនាទីជូនពួកគាត់ ។
ប្រសាសន៍ខាងលើនេះ ត្រូវបានលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល លើកឡើងនៅក្នុងពិធីផ្សព្វផ្សយ សេក្តីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្រ្ដីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកខ្សាច់កណ្ដាល ។ ពិធីនេះ មានការចូលរួមពីលោកអភិបាលស្រុកខ្សាច់កណ្ដាល លោកស្នងការរង លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ,លោកនាយការិយាល័យបុគ្គលិក លោកអធិការនគរបាលស្រុកចំនួន៤ អធិការរងស្រុកខ្សាច់កណ្ដាល នាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្ដិ៍ និងមន្រ្ដីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯមជាច្រើនរូបទៀត ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ដែលទទួលបានជ័យលាភី តែងតាំងមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិសរុប១០៩រូប ក្នុងនោះ ត្រូវបានតម្លើងឋានន្ដរស័ក្ដិមានចំនួន៨១រូប និងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង ចំនួន២៨រូបផងដែរ ៕