សម្តេចតេជោ ហ៊ុន សែន៖ ក្នុងថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៣សំខាន់
ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលបានកើតឡើងនៅក្នុងខែធ្នូ ២០១៩ នេះ ដែលក្នុងនោះសម្តេចតេជោបានមានប្រសាសន៍ថា ក្នុងថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៣សំខាន់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃពុធ ទី១៨ ខែ ធ្នូ ឆ្នាំ២០១៩នេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យវេស្ទើន (Western University) នៅមជ្ឈមណ្ឌលកោះពេជ្រ។
មុននឹងចាប់ផ្តើមថ្លែងសន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសឲ្យបានដឹងថា នៅថ្ងៃនេះកម្ពុជាបានរៀចំសមយុទ្ធ២ គឺសមយុទ្ធទី១ ជាសមយុទ្ធហ្វឹកហាត់សាកល្បង និងផ្តល់បទពិសោធន៍ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះ ឱ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ ដែលសមយុទ្ធនេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ រីឯសមយុទ្ធទី២ គឺជាសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម នៅឯខេត្តស្វាយរៀង ក្នុងវិធានការជួយសង្គ្រោះ ពេលមានគ្រោះមហន្តរាយ ដោយគ្រោះធម្មជាតិតាមព្រំដែន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការ ភ័យខ្លាច ឬព្រួយបារម្ភអ្វីឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យសាកលវិទ្យាល័យទាំងអស់ ត្រូវបន្តចូលរួមពង្រឹងគុណភាពសិក្សាជាបន្តទៀត ដើម្បីអោយធនធាមនុស្សរបស់កម្ពុជា កាន់តែមានសមត្ថភាព និងរឹងមាំថែមទៀតនាពេលខាងមុខ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលបានកើតឡើងនៅក្នុងខែធ្នូ ២០១៩ នេះ ដែលក្នុងនោះ សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៣សំខាន់ សម្រាប់សម្តេច ក៏ដូចជាសម្រាប់កម្ពុជាទាំងមូលគឺ៖
ទី១) ២ធ្នូ ១៩៧៨ គឺជាថ្ងៃបង្កើត រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហមប៉ុលពត។
ទី២) ២ធ្នូ ឆ្នាំ១៩៨៧ ដែលព្រឹត្តិការណ៍ជំនួបចរចា ជាលើកដំបូងរវាង សម្តេចព្រះ នរោត្តម សីហនុ ជាមូយ សម្តេច ហ៊ុន សែន នៅ Fere en Tardenois នៅប្រទេសបារាំង ដែលគិតមកដល់ពេលនេះ មានរយៈពេល ៣២ ឆ្នាំហើយ មុននឹងមានការពិភាក្សាចរចា បង្កើតកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា ១៩៩១ និង
ទី៣) ២ធ្នូ ឆ្នាំ១៩៩៨ ក្នុងការរៀចំយុទ្ធសាស្ត្រត្រីកោណ ក្រោយពេលបង្កើតរាជរដ្ឋាភិបាល ដែលក្នុងយុទ្ធសាស្ត្រត្រីកោណនោះ គឺមានមុំ៣សំខាន់គឺៈ ទី១) ការធ្វើសន្តិភាវូបនីកម្ម មានន័យថាការពង្រឹងសន្តិភាពផ្ទៃក្នុងប្រទេស ទប់ស្កាត់មិនអោយមានការបាញ់បោះ និងជម្លោះផ្ទៃក្នុងតទៅទៀត។ ទី២ គឺការធ្វើសមាហរណកម្មកម្ពុជា =jyបានឆាប់បំផុតជាមួយសហគមអន្តរជាតិ ហើយដែលពេលនោះយើងក៏បានយកកៅអីកម្ពុជា ដែលបានព្យួរទុកនៅអង្គសហប្រជាជាតិ (UN) ត្រឡប់មកវិញ ហើយពេលនោះយើង ក៏ចាប់ផ្តើមមានការប្រជុំ និងចូលជាសមាជិកអាស៊ាន (ASEAN) និងជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀត។ ទី៣) ផ្អែកលើកកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះអន្តរជាតិ គឺកម្ពុជាបានខិតខំទាំងប្រមូលគ្រប់ធនធាន ទាំងអស់ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។
នៅថ្ងៃនេះផងដែ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ បញ្ជាក់ពីមូលហេតុចាំបាច់ ដែលកម្ពុជាចូលអាស៊ានគឺមាន៤ចំណុចសំខាន់ៗ៖
ទី១)គោលការណ៍មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង (មិនលូកដៃចូលក្នុងបញ្ហាផ្ទៃក្នុង របស់ប្រទេសសមាជិកអាស៊ានដូចគ្នា)
ទី២)ស្មារតីសហគមន៍ (កម្ពុជាគោរពតាមកុងសង់ស៊ីស ជាគោលការមិនធ្វើរំលងគ្នា មិនថាប្រទេសអ្នកមាន ប្រសទេអ្នកក្រ តូច ធំ គឺស្មើគ្នាទាំងអស់)។
ទី៣)កម្ពុជាទទួលបានផលប្រយោជន៍ច្រើន ពីសមាហរណកម្មអាស៊ាន តាមរយៈការទទួលបាន នូវការបណ្តុះបណ្តាលធនធានមនុស្ស និងតាមរយៈដៃគូពាណិជ្ជកម្មនានា ដែលបានជួយកាត់បន្ថយគម្លាតក្រីក្រ នៅក្នុងប្រទេសនីមួយៗ យ៉ាងមានប្រសិទ្ធភាពទៀតផង។
ទី៤) ជាច្រកទ្វារចេញចូលការទូត ដែលមានទំហំធំធេង សម្រាប់កម្ពុជា ដែលយើងត្រូវការពង្រឹង កិច្ចសហប្រតិបត្តិការឲ្យបានកាន់តែច្រើន។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រ និងជំរុញឲ្យក្មួយៗនិស្សិត បន្តសិក្សាស្រាវជ្រាវ ទោះបីពេលនេះបានបញ្ចប់ការសិក្សាហើយក្តី ព្រោះថាការសិក្សា គឺគ្មានដែនកំណត់ ហើយចំណេះដឹងមួយចំនួន គឺមិនមានសិក្សានៅក្នុងសាលាទេ៕